ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០នាទីព្រឹក បានបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ដើម្បីបំពេញតារាងឧបសម្ព័ន្ធ ក្នុងការដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (ឆ្នាំ២០២២-២០២៥) របស់បេក្ខភាពខណ្ឌដូនពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានកាចូលរួមពី លោក-លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញ សាលារាជធានីភ្នំពេញ គណៈអភិបាល, គណៈនាយក, តំណាងអធិការនគរបាលខណ្ឌ, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់នាយនគរបាលប៉ុស្តិ៍ទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងតំណាងក្រុមហ៊ុន មីសូដា ប្រចាំខណ្ឌដូនពេញ ផងដែរ។
សូមជម្រាបថា តបតាមសំណើរបស់គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២១-២០២៤ នាពេលខាងមុខនេះ។
ជាក់ស្ដែងយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ បានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោល ការណ៍ដូចខាងក្រោម ៖
ទី១-ឱ្យរៀបចំចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ២០២១-២០២៤ សម្រាប់ក្រុង-ខណ្ឌបេក្ខភាព ចំនួន៤១ ដោយប្រើប្រាស់នូវស្តង់ដារទីក្រុងស្អាតថ្មី ស្របតាមបទប្បញ្ញត្តិទូទៅនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២១-២០២៤)។
និងទី២-អនុញ្ញាតឱ្យក្រុមការងារវាយតម្លៃទីក្រុងស្អាត រាជធានី-ខេត្ត ត្រូវដឹកនាំដោយ អភិបាលរាជធានី-ខេត្ត៕
ដោយ៖ស តារា