ខេត្តបាត់ដំបង៖ សកម្មភាពនាំយកចេញមនុស្សឆ្លងដែនមិនស្របច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីសមត្ថកិច្ចការពារព្រំដែនបានរួមកម្លាំងទប់ស្កាត់ទាំងថ្ងៃទាំងយប់ក៏ដោយ។
ជាជាក់ស្តែងបទល្មើសមួយនេះ បានកើតឡើង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចច្រកទ្វារព្រំដែនអូររំដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បុរសម្នាក់ជាមេខ្យល់នាំមនុស្សឆ្លងដែនទៅថៃ និងអ្នកចាញ់បោកមេខ្យល់ចំនួន១៤នាក់ ត្រូវសមត្ថកិច្ចចម្រុះការពារព្រំដែនឃាត់ខ្លួន។
សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ករណីនេះសមត្ថកិច្ច បានឃាត់ខ្លួនមេខ្យល់ម្នាក់ ឈ្មោះ រ៉េន សុគន់ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ព្រមទាំងពលករ ប្រុសស្រី ចំនួន ១៤ នាក់ផ្សេងទៀត ដែលទាំងអស់គ្នា បម្រុងនឹងឆ្លងដែនចូល ក្នុងទឹកដី ដោយខុសច្បាប់។
នៅនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាមេខ្យល់ បានសារភាពថាខ្លួនគេពិតជារកស៊ីនាំផ្លូវឲ្យមនុស្សឆ្លងដែនទៅប្រទេសថៃខុសច្បាប់ប្រាកដមែន ដោយទទួលប្រាក់ជើងសារតាមតម្លៃព្រមព្រៀងរបស់បុគ្គលនីមួយៗ។
ក្រោយទទួលការសារភាពបែបនេះសមត្ថកិច្ច បានបញ្ជូនជនសង្ស័យរូបនេះមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់។ ចំណែកឯប្រជាពលរដ្ឋ រងគ្រោះទាំង១៤នាក់ សមត្ថកិច្ចធ្វការអប់រំណែនាំ តម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់ ហើយឱ្យវិលទៅកាន់ លំនៅដ្ឋានរៀងៗខ្លួននៅរសៀលថ្ងៃនោះដែរ៕