ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ងួន ញិល អនុប្រធានទី១រដ្ឋសភា ដែលបានធ្វើមរណកាលកាលពីថ្ងៃម្សិលមិញនេះ។
តាមរយៈសាររំលែកទុក្ខដែល នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ញើទៅកាន់ក្រុមគ្រួសារនៃសពកាលពីម្សិលមិញ បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់លោកបណ្ឌិត ងួន ញិល។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា មរណភាពលោកបណ្ឌិត ងួន ញិល ជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលមានស្នាដៃនិងបទពិសោធចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ជាពិសេសលោកបណ្ឌិត បានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ ដើម្បីរួមចំណែករំដោះជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសជាតិឡើងវិញរហូតទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ៕
ដោយ, សុខ ខេមរា