ភ្នំពេញ, នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា នៅគេហដ្ឋានសព ស្ថិតក្នុងភូមិអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក កិត្តិនីតិកោសល្យបណ្ឌិត ងួន ញ៉ិល កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤២ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងត្រកូលកសិករ។ លោកចាប់ផ្ដើមការងារដំបូងជាគ្រូបង្រៀននៅស្រុកសន្ទុកខេត្តកំពង់ធំ នាឆ្នាំ១៩៦៤ និងជាបន្ទាប់បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាឥស្សរជននយោបាយជាន់ខ្ពស់ និងកាន់តួនាទីជាអនុប្រធានទី១រដ្ឋសភារហូតដល់ទទួលមរណភាព។
ថ្នាក់ដឹកនាំស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ បានផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និងបានអញ្ជើញគោរពវិញ្ញាណក្ខន្ធជាបន្តបន្ទាប់។ តាមកម្មវិធីបុណ្យ សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល នឹងត្រូវដង្ហែចេញពីគេហដ្ឋានឆ្ពោះទៅកាន់ភូមិកំណើត ភូមិត្រពាំងជ្រៃ ស្រុកបល្លង្គ ខេត្តកំពង់ធំនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១៕
ដោយ, សិលា