យន្តហោះគ្មានមុស្សបើកផ្ទុះពេញដោយរំសេវបានវាយប្រហារ ផ្ទះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ក្នុងគោលដៅសម្លាប់នាយករដ្ឋមន្ត្រី Mustafa al Kadhimi តែមិនបានសម្រេច។
ការវាយប្រហារកើតឡើងនៅព្រឹកថ្ងៃទី ៧ខែវិច្ឆិកា នៅវិមាននាយករដ្ឋមន្ត្រី Kadhimi ។ កម្លាំងទាហានអ៊ីរ៉ាក់បានប្រកាសថា នេះជាការធ្វើឃាតដោយមានការគិតទុកជាមុន ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវបានជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាពទាន់ពេលវេលា មិនគ្រោះថ្នាក់ឡើយ។
មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ាក់ក៏បានបញ្ជាក់ពីការវាយខាងលើផងដែរ ប៉ុន្តែនាយករដ្ឋមន្ត្រីមានសុវត្ថិភាព ។ បុគ្គលិកសន្តិសុខ ការពារវិមាននាយករដ្ឋមន្ត្រីក៏បានរងរបួស ក្នុងហេតុការខាងលើ។
នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេស ។ វិមាននាយករដ្ឋមន្ត្រី អ៊ីរ៉ាក់គឺស្ថិតនៅក្នុងតំបន់បៃតង ក្នុងរដ្ឋធានីបាតដាត ដែលជាទីតាំងយ៉ាមល្បាតយ៉ាងតឹងតែងបំផុត ដោយមានស្ថានទូតបរទេសជាច្រើននៅទីនោះ។
ពាក់ព័ន្ធការវាយប្រហារខាងលើ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជា់ថា នោះជាសកម្មភាពវាយប្រហារភេរវកម្ម ហើយយើងបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារខាងលើ សំដៅទៅប្រមុខដឹកនាំជាន់ខ្ពស់អ៊ីរ៉ាក់។ លោក Ned Price បន្តទៀតថា អាមេរិកបានសហការជាមួយកម្លាំងសន្តិសុខអ៊ីរ៉ាក់ដើម្បីស្រាវជ្រាវលើករណីវាយប្រហារ ប៉ុនប៉ងធ្វើឃាត់នាយករដ្ឋមន្ត្រី៕ដោយ៖សាធី
រូបថត៖Reuters.