ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃពនរះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា, គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា, សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដាសតឿនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ អោយខិតខំបំពេញការងារអោយបានល្អប្រសើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះអោយបានគង់វង្សប្រើប្រាស់អោយបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការអោយមានប្រសិទ្ធភាព និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលទីនូវ៣ចំនុចសំខាន់:
១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិអោយប្រជាពលរដ្ឋអោយបានឆាប់។
២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។
៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រុញអោយ បញ្ជាឲ្យ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធ តុលាការប្រកបដោយសុច្ចរិតភាពបំផុត ៕
ដោយ, សុខ ខេមរា