ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនា «ផ្លូវក្រាលកៅស៊ូDBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាព ក្នុងចំណោមផ្លូវដ៏ទៃទៀត នៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើង នៅលើផ្លូវលេខ២០៩ ទល់មុខពហុកីឡដ្ឋានខេត្ត ដោយបានការអញ្ជើញចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានគម្រោង ទីប្រឹក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុនគិរីដងរែក អាជ្ញាមូលដ្ឋាន និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បើតាមលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា គម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បានរៀបចំសិក្សា ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០២០កន្លងទៅ។ គម្រោងនេះទទួលកញ្ចប់ថវិកា ជាកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់, ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់»។ បច្ចុប្បន្នអនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកស្អុយ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រេចបាន៨០%ហើយ គ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០២២ខាងមុខ។ ដោយឡែកអនុគម្រោងទីលានចាក់សម្រាម សម្រេចបាន៨៥%ហើយ គ្រោងនឹងបញ្ចប់ នៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ថ្ងៃនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំ អញ្ជើញបើកការដ្ឋានស្ថាបនា «ផ្លូវក្រាលកៅស៊ូDBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាពមួយ ក្នុងចំណោមផ្លូវដ៏ទៃទៀត ត្រូវបានរៀបចំប្រព័ន្ធលូរួចរាល់ ដើម្បីជាគុណប្រយោជន៍ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋបានប្រើប្រាស់។
លោក វង្ស ពិសិដ្ឋ និងលោក ជាវ តាយ បានថ្លែងស្រដៀងៗគ្នាថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ល្អ មានការគោរពសិទ្ធិមនុស្ស មិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ព័ណ៌សម្បុរ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ តម្លៃសន្តិភាពនេះហើយ បានធ្វើឱ្យប្រទេស និងប្រជាជនកម្ពុជាយើង ទទួលបានមកវិញនូវឯករាជ្យ ភាពជាម្ចាស់ជោគវាសនារបស់ខ្លួនពិតប្រាកដ មានសិទ្ធិសេរីភាពគ្រប់យ៉ាង មានការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងវឌ្ឍភាពសង្គម។
ថ្នាក់ដឹកនាំទាំង២បន្ថែមថា សមិទិ្ធផលសង្គមជាតិជាច្រើន មានដូចជា៖ ទំនប់ ប្រឡាយ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាស មជ្ឃមណ្ឌលពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ល។ បាននឹងកំពុងរីកដុះដាល ដើម្បីបម្រើសេចក្តីត្រូវការ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស។ ជាក់ស្តែងថ្ងៃនេះ សម្រាប់ខេត្តពោធិ៍សាត់ បានទទួលសមិទ្ធិផលយ៉ាងធំធេង តាមរយៈគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប នូវការបើកការដ្ឋានស្ថាបនា «ផ្លូវក្រាលកៅស៊ូDBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣» ដែលកិច្ចការនេះ អាចធ្វើឡើងក្នុងចន្លោះពី៤៥ថ្ងៃ ទៅ៦០ថ្ងៃទើបបញ្ចប់។
លោក ជាវ តាយ បានបន្ថែមទៀតថា ដើម្បីលើកកម្ពស់សោភណ្ឌភាព សុខសុវត្ថិភាពប្រជាពលរដ្ឋ និងដើម្បីលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើននោះ លោកក៏បានរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ដែលគិតមកទល់ពេលនេះ បានចំនួន៣៥០អំពូលហើយ នឹងឈានទៅតម្លើងបន្ថែមដល់៥០០អំពូល ក្នុងជំហានទី១, សម្រាប់ជំហានទី២បន្តទៀត ឯកឧត្តមនឹងរៀបចំតម្លើងបន្ថែមរហូតដល់១០០០អំពូលLED ធ្វើយ៉ាងណាឱ្យគ្រប់ផ្លូវទាំងអស់ភ្លឺលែងងងឹត។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋចូលរួម ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល និងបានប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុនគិរីដងរែក ដែលបានឧបត្ថម្ភ អាល់កុល ៥កាន និងម៉ាស់ ៣កេសធំ ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ៕