ទីក្រុងប៉ារីស : ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា
បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុវត្ថិភាព ប្រមាណជាង៣មុន នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង លើផេកលោកឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង ដែលព្រះអង្គស្តេចយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា ,តបតាមការយាងរបស់លោកស្រី អូដេ្រយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំងពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និង រដ្ឋាភិបាលជា ច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជ សុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផល សំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី៕