ភ្នំពេញ÷នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅអាគាមិត្តភាព ទីស្តីការគណ:រដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី២៣ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (២៩ ធ្នូ ១៩៩៨ / ២៩ ធ្នូ ២០២១ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ។
បើតាមការឲ្យដឹងរបស់លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជានាយកអង្គភាពសេនាតេជោ បានឲ្យដឹងថា : បើតាមការគ្រោងទុករបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមានរៀបចំពិធីអបអរសាទរខួបលើកទី២៣ នៃការបញ្ចប់សង្គ្រាមស៊ីវីលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគ ជ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន (២៩ ធ្នូ ១៩៩៨ ២៩ ធ្នូ ២០២១)ដើម្បីបង្ហាញដល់សាធារណជន ជាតិ អន្តរជាតិ ឲ្យឃើញនូវការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលការប្រារព្វពិធីនេះ នឹងរៀបចំធ្វើ ឡើងនៅវិមានឈ្នះ ឈ្នះ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ឧកញ៉ា លី យុងផាត់ សង្កាត់ព្រែកឫស្សី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីពិធីសម្ពោធន៍អាគារដ្ឋបាលថ្មី នៃទីស្តីការក្រសួងការពារជាតិ ត្រូវបានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មួយថ្ងៃមកនោះ ។
ក្នុងពិធីនោះក៏មានរៀបចំនូវស្តង់ពិពរ័ណ៍ស្តីពីសមិទ្ធផលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលនានាជាច្រើនទៀត របស់រាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ។ ការតាំងពិពរ័ណ៍នេះគ្រោងនិងរៀបចំដាក់់ឲ្យទស្សនាចាប់ពីថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃបុណ្យឆ្លងឆ្នាំនៃបុណ្យចូលឆ្នាំសកល ២០២២ ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធាននៃកិច្ចប្រជុំ ក៏បានស្នើសុំដល់បណ្ដាស្ថាប័នអង្គភាពដែលពាក់ព័ន្ធទាំង អស់ត្រូវត្រូវយកចិត្តទុកដាក់អនុវត្តឲ្យ បានម៉ឺងម៉ាត់និងត្រឹមត្រូវតាមផែនការកំណត់មានភាពម្ចាស់ការទទួលខុស ត្រូវលើផែនការក្នុងការរៀបចំទាំងការប្រារព្ធពិធី និងការទទួលខុសត្រូវលើការរៀបំស្តង់ពិពរ័ណ៍ ទាំងផ្នែកខ្លឹមសារ អត្ថន័យ រូបភាព សោភ័ណភាព ឲ្យមានភាពទាក់ទាញនូវទស្សនីយភាពនេះ ដល់ភ្ញៀវជាតិ អន្តរជាតិ ឱ្យមានភាពល្អប្រសើរនិងរលូន ។
ជាមួយគ្នានេះដែរគ្រប់ស្ថាប័ន ដែលចូលរួមក្នុងពិធីនេះក៏ត្រូវមានលក្ខណៈសម្បត្តិដូចជាមានស្មារ តីម្ចាស់ការទទួលខុសត្រូវ មានសីលធម៌ គោរពវិន័យសេចក្តីថ្លៃថ្នូរ គោរពបទបញ្ជាផ្ទៃក្នុង ក្នុងកងទ័ពយ៉ាងម៉ឺងម៉ាត់ មានសុខភាពល្អ និងធានានៅគុណភាពខ្ពស់នៅពេលប្រារព្ធពិធី ។ ពិសេសគ្រប់បណ្ដាកងឯកភាពនាយពលទាហាន និងផែនមហាជនដែលមានភារកិច្ចចូល រួមក៏ត្រូវគោរពនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ និងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង២ដូសរួចរាល់ហើយដែរ ។
តាមរយៈនៃកិច្ចប្រជុំនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់សង្ឃឹមយ៉ាងមុត មាំថា គ្រប់ស្ថាប័នទាំងអស់និងយកចិត្តទុកដាក់ អនុវត្តឲ្យបានជោគជ័យទៅ តាមផែនការដែលបានកំណត់ ៕
ដោយ៖ សូរិយា