ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីឃាតកម្មកាប់សម្លាប់ប្លន់យកទ្រព្យសម្បាតិ បានបង្ហើបនៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ជនរងគ្រោះ(ស្លាប់)ជាមន្រ្តីរដ្ឋបាលព្រៃឈើ មានមុខងារជានាយសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ ជាករណីឃាតកម្ម(កាប់របួសសុះសាច់)បណ្ដាលឲ្យសម្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅលើគ្រែ ដើម្បីប្លន់យកទ្រព្យសម្បាតិ ខណៈជនរងគ្រោះអាចកំពុងដេកលង់លក់ម្នាក់ឯង ទ្រព្យសម្បត្តិបាត់បង់រួមមានៈ ចញ្ជៀនពេជ្រ១វង់ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I 9761 និងទូរស័ព្ទម៉ាក អាយហ្វូនចំនួន៣គ្រឿង ចំណែកឯជនសង្ស័យដៃដល់ក្រោយធ្វើសកម្មភាពគេចខ្លួនបាត់ សមត្ថកិច្ចកំពុងមមាញឹកបន្តនីតិវិធី ។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ជានាយសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយឈ្មោះ សេង វិសាល ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិពាលញែកទី-១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
គួររំលឹកថា ករណីឃាតកម្មកាប់សម្លាប់មន្ត្រីរដ្ឋព្រៃឈើ(ប្លន់យកទ្រព្យសម្បាតិ)ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ត្រង់ចំណុចក្នុងទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើប្រម៉ោយ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈគេសង្ស័យករណីនេះបានកើតឡើង តាំងពីយប់ថ្ងៃទី៩ មកម្ល៉េះ ៕
ដោយៈ បុឹម ពិន