ភ្នំពេញ,អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា
នៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ខ្ញុំរីករាយដែលបានទទួលស្វាគមន៍និងជួបសំដែងការគួរសមពីសំណាក់លោក YOSHIOKA Yoshito ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS)ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គនាយកបានលើកឡើងថា, ក្នុងជំនួបនេះដែរ លោក YOSHIOKA Yoshito បានសម្តែងនូវក្តីរីករាយនូវកិច្ចសហប្រតិបត្តិការរវាងអង្គការ(JMAS) និងអង្គភាពCMAC លើការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយលោក ក៏បានសម្តែងក្តីរីករាយចំពោះផ្លែផ្កាដែលជាលទ្ធផលនៃការអនុវត្តគម្រោងដែលកំពុងដំណេីរការនៅខេត្តបន្ទាយមានជ័យនិងខេត្តស្ទឹងត្រែង។ លោក YOSHIOKA Yoshito ក៏បានបន្ថែមទៀតថា នៅក្នុងអាណត្តិរបស់លោកនេះ លោកនឹងបន្តពង្រឹងនិងពង្រីកនៅកិច្ចសហប្រតិបត្តិការ ការគាំទ្រអង្គភាពCMACលើការងារបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍន៍ក្រោយបោសសម្អាតមីនរួចនៅកម្ពុជា។
លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានបន្តថា, ឆ្លៀតឱកាសនេះខ្ញុំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) ដែលបានខិតខំប្រឹងប្រែងដើម្បីជួយប្រជាជនកម្ពុជា និងអង្គភាពCMAC ទោះបីជាក្នុងពេលវេលាដ៍លំបាកដោយសារជម្ងឺឆ្លងកូវីត១៩ក៏ដោយ។ បេសកកម្មទៅមុខរបស់យេីងត្រូវខិតខំចូលរួមប្រែក្លាយផែនការយុទ្ធសាស្ត្រជាតិសកម្មភាពកំចាត់មីន ឱ្យសំរេចគោលដៅឆ្នាំ២០២៥ កម្ពុជាត្រូវបញ្ចប់ភារកិច្ចបោសសំអាតតំបន់មានគ្រាប់មីនប្រឆាំងទាំងអស់ និងកាត់បន្ថយការគំរាមកំហែងជាអតិប្បរិមាដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនានា៕
ដោយ, សិលា