ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លើយតបជូនសាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាជ្រាប «នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ គេហទំព័រសារព័ត៌មាន The Mirror News និងបណ្តាញសារព័ត៌មានមួយចំនួនទៀត បានចុះផ្សាយមានចំណងជើងថា «បែកធ្លាយ, លោកស្នងការរង២រូប ដល់អាយុចូលនិវត្តន៍ តែមិនចូលនិវត្តន៍ អភិបាលខេត្តកណ្តាលនឹងបញ្ជាឱ្យក្រុមការងារចុះត្រួតពិនិត្យ»។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យក្រុមការងារប្រតិកម្មរហ័សធ្វើការស្រាវជ្រាវបំភ្លឺព័ត៌មានដូចខាងក្រោម៖
-ផ្អែកតាមរូបភាពដែលបណ្តាញសារព័ត៌មានចុះផ្សាយខាងលើ លោកស្នងការរងនគរបាលខេត្តកណ្តាល ចំនួន២រូបនោះរួមមាន៖
១-លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
២-លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម
បន្ទាប់ពីពិនិត្យលើខ្លឹមសារព័ត៌មានខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបដិសេធទាំងស្រុង នូវខ្លឹមសារដែលបានចុះផ្សាយថា លោកស្នងការរងទាំង២រូប គេចវេសពន្យាពេលចូលនិវត្តន៍នោះ គឺជាការមិនពិតឡើយ ដោយអនុវត្តតាមគោលការណ៍ច្បាប់ ជាពិសេសលក្ខន្តិកមន្រ្តីនគរបាលជាតិ នៅពេលដែលមានព្រះរាជក្រឹត្យដាក់ឱ្យសាម៉ីខ្លួនចូលនិវត្តន៍គឺត្រូវគោរពតាមដោយមិនរារែកឬគេចវេសជាដាច់ខាត។
ដោយឡែក ចំពោះការលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម មិនព្រមចូលនិវត្តន៍ដោយយកតួនាទី ទៅកាងលោកស្រី ទេព ចន្ធូ ហៅយាយធូ ជាភរិយា គឺជាការមិនពិតឡើយ គឺលោកស្រី ទេព ចន្ធូ ហៅយាធូ បានរកស៊ីជាលក្ខណៈឯកជន មិនមានពាក់ព័ន្ធជាមួយលោកស្នងការរងជាស្វាមីឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕
ដោយ, សុខ ខេមរា