អ្នកប្រដាល់សកល វី សុភ័ស ឡើងទៅប៉ះ ទូច ដេវីត នៅវគ្គផ្តាច់ព្រ័ត្រ គូដណ្តើមប្រាក់លាន

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការ (Cambodia SEA GAMES 2023) CAMSOC និងប្រភពរូបភាព៖ #Yuen_Punlue ជាមួយពាក្យស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, អ្នកប្រដាល់សកល វី សុភ័ស និងអ្នកប្រដាល់ ទូច ដេវីត នឹងត្រូវឡើងទៅប្រជែង ម្ចាស់ដំណែងជើងឯកគូដណ្តើមប្រាក់លាន ជាមួយគ្នា នៅក្នុងព្រឹត្តិការណ៍ប្រដាល់សកល Ultimate Boxing Championship នាថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាសប្តាហ៍ទី៦ និងជាសប្តាហ៍បញ្ចប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២១។

ក្នុងឋានៈជាកីឡាករឈ្នះ៣ប្រកួត មាន៩ពិន្ទុ នៅវគ្គសន្សំពិន្ទុ វី សុភ័ស ឈរនៅលេខ១ ដោយត្រូវឡើងទៅប្រកួតតតាំងប្រជែងម្ចាស់ដំណែងជើងឯកជាមួយអ្នកប្រដាល់ ទូច ដេវីត ដែលឈរលេខ២នៃវគ្គសន្សំពិន្ទុ កន្លងមក ដោយ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៧ពិន្ទុ។

នៅក្នុងការប្រកួត ប្រចាំសប្តាហ៍ទី៥ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា គូដណ្តើមប្រាក់លានលើប្រភេទទម្ងន់ ៦៥,៥ គីឡូក្រាមនេះ មាន៣ប្រកួត ដោយ វី សុភ័ស បានយកឈ្នះ ម៉ាង ព្រហ្មម៉ាញ បានផ្ទួលឲ្យសន្លប់នៅត្រឹមទឹកទី២។ ប្រកួតទី២ ម៉ាង ព្រហ្មម៉ាញ ដែលត្រូវបន្តសន្សំពិន្ទុ នៅប្រកួតទី២ មិនត្រូវអនុញ្ញាតឲ្យប្រកួត ជាមួយកីឡាករ សែត សារឹត មកពីសមាគមកីឡាប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នោះទេ ដោយគណៈកម្មការបច្ចេកទេសផ្តល់ឲ្យ សែត សារឹត ឈ្នះដោយស្វ័យប្រវត្តិ។ សម្រាប់ប្រកួតទី៣ វី សុភ័ស បានយកឈ្នះដោយពិន្ទុ លើកីឡាករ ទូច ដេវីត ហើយកីឡាករទាំងពីរនាក់នេះនឹងត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ នាចុងខែវិច្ឆិកានេះ ដែលជាសប្តាហ៍ចុងក្រោយនៃព្រឹត្តិការណ៍ Ultimate Boxing Championship ប្រចាំឆ្នាំ២០២១។ ក្រៅពីការប្រកួតគូដណ្តើមប្រាក់លាននេះ ក៏មាន៣ប្រកួតផ្សេងទៀត ផងដែរ សម្រាប់សប្តាហ៍ទី៥ ដោយក្នុងមានគូពិសេស និងគូឯករងផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគូសបញ្ជាក់ថា សម្រាប់ការប្រកួតសប្តាហ៍ចុងក្រោយ នាថ្ងៃទី២៨ វិច្ឆិកា សហព័ន្ធកំពុងរៀបចំការផ្គូរផ្គងកីឡាករ ដែលខ្លាំងៗ និងឲ្យកាន់តែទាក់ទាញបន្ថែមទៀត ដើម្បីស្វែងរកការគាំទ្រពីមហាជន សម្រាប់វិស័យកីឡាប្រដាល់សកលកម្ពុជា។ ជាមួយគ្នានោះ សហព័ន្ធក៏កំពុងរៀបចំការប្រកួតផ្នែកនារី ដែលកីឡាការិនីម្នាក់ជាសមាជិកនៃក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ដូច្នេះសហព័ន្ធប្រដាល់សកលកំពុងស្នើសុំពីសហព័ន្ធប្រដាល់គុនខ្មែរ។

លោកអគ្គលេខាធិការបន្ថែមថា ចក្ខុវិស័យរបស់សហព័ន្ធប្រដាល់សកលកម្ពុជាកំពុងឆ្ពោះទៅមុខ ក្នុងការត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print