តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ជនត្រូវចោទសញ្ជាតិកាណាដាម្នាក់ពីបទរក្សាទុក​និងដឹកជញ្ជូន​ដោយខុសច្បាប់នូវសារធាតុញៀន​ និងបទ​កាន់កាប់​ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១បានបញ្ជាក់ថា បន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទម្នាក់ក្រោយពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងឃាត់ខ្លួនជនជាតិកាណាដាម្នាក់ជាមួយនឹងការរឹបអូសគ្រឿងញៀនជាង១៦៧គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ពេលនេះអយ្យការបានចោទប្រកាន់ជននេះពីបទ «រក្សាទុក​ និងដឹកជញ្ជូន​ដោយខុសច្បាប់នូវសារធាតុញៀន​ និងបទ​កាន់កាប់​ប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត​ តាមមាត្រា​៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ និងមាត្រា​៤៩០​ នៃក្រមព្រហ្មទណ្ឌ»។

គួររំលឹកថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនមួយ
ចាប់ពីថ្ងៃទី២៧ ខែតុលា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ដែលអនុវត្តផ្ទាល់ដោយកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលនីតិវិធីដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គោលដៅទី២-នៅចំណុចបន្ទប់ខុនដូលេខ៤១២១ជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី៣-នៅបន្ទប់ 13AD និង 13AE ខុនដូ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតនៅថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនកាណាដា លេខ: AC790143
រួមទាំងដកហូតវត្ថុតាងរួមមាន៖
១-អុិចស្តាស៊ីគ្រាប់(MDMA) ពណ៌ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើនឹងទម្ងន់ ២៨,៣៥៤.៥៤ក្រាម។
២-អុិចស្តាស៊ីគ្រាប់(MDMA) ពណ៌ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ ៦០,២៤៤.៩៩ក្រាម។
៣-អុីចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ ៥០,០២២.៧២ក្រាម។
៤-អុិចស្តាស៊ីក្រាម(MDMA) ទម្ងន់ ២៤,៧០០.៨១ក្រាម។
៥-នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើនឹងទម្ងន់១,៧៣៣.៤០ក្រ។
៦-មេតំហ្វេតាមីន(ICE)ទម្ងន់៩៨.៩៧ក្រ។
៧-កេតាមីន (Ketamine) ២,៣២០ក្រ។
សរុបទាំងអស់១៦៧គីឡូក្រាម ៤៧៥.៤៣ក្រាម និងចាប់យកកាំភ្លើងខ្លី ១ដើម (គ្រាប់៦គ្រាប់) ជញ្ជីង១គ្រឿង រថយន្ត១គ្រឿង និងមានសម្ភារមួយចំនួនទៀត ។

បច្ចុប្បន្ន ជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្តទៀត៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print