ខេត្តបាត់ដំបង៖ មកដល់ព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកានេះជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចគំរាមកំហែងផ្ទះប្រជាពលរដ្ឋច្រើនខ្នងនៅក្នុងស្រុកមោងឬស្សី នៅឡើយ។
តាមប្រភពពីរដ្ឋបាលស្រុកមោងឫស្សី បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះជំនន់ទឹកភ្លៀងបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋចំនួនជិត ៥០០ខ្នងចំនួនក្នុងភូមិទាំង៥ រួមមានភូមិជ្រៃ១ ជ្រៃ២ ម្រះព្រៅ ភូមិទូលតាថុន និងភូមិជ្រៃជើងក្នុងឃុំជ្រៃ។ករណីនេះបណ្តាលឲ្យលិចផ្លូវថ្នល់ និងដំណាំស្រូវជាជាច្រើនហិកតានិងរងផលប៉ះពាល់ដំណាំផ្សេងៗ ដោយសារជំនន់ទឹកភ្លៀងហូរស្រុងពីស្រុករុក្ខគីរី។
ក្នុងនោះដែរជំនន់ទឹកភ្លៀងទាំងក្នុងមូលដ្ឋានស្រុកមោងឬស្សី និងមួយចំណែកធំទៀតបានហូរស្រោចចាក់មកពីតំបន់ទំនាបរបស់ស្រុករុក្ខគីរី បាននឹងកំពុងគំរាមកំហែងដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន ៥ភូមិ រួមមាន: ភូមិជ្រៃ១ ជ្រៃ២ ម្រះព្រៅ ភូមិទូលតាថុន និងភូមិជ្រៃជើងផងដែរ របស់ឃុំជ្រៃ ស្រុកមោងឬស្សី ស្មើប្រមាណ ៤៥០ខ្នង ផ្ទះរងការប៉ះពាល់។ ក្រៅពីនេះ ផ្លូវថ្នល់ដីក្រហមចំនួន ៥៤០០ម៉ែត្រ ផ្លូវក្រាលកៅស៊ូចំនួន ៣០០០ម៉ែត្រ និង ដំណាំស្រូវប៉ះពាល់ចំនួន ៦៦០ហិតាទៀត ក៏កំពុងបានយាយីផងដែរ ដែលប្រឈមនឹងការខូចខាត។
ប្រភពដដែលបានឲ្យដឹងទៀតថា គ្រោះជំនន់ទឹកភ្លៀងនេះ ត្រូវបានកម្លាំងអាជ្ញាធរមូលដ្ឋានសហការគ្នាជាមួយកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះប្រជាពលរដ្ឋនិងសត្វពាហន:មកទីទួលសុវត្ថិភាព ព្រមទាំងឧបត្ថម្ភស្បៀងអាហារជូនដល់ពួកគាត់ផងដែរ ៕