ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានបន្តគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ។
ការថ្លែងប្រកាសគាំទ្ររបស់លោកអភិបាលខេត្តស្វាយរៀង បែបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញចូលរួមសម្ភោធបើកការដ្ឋានសាងសង់គម្រោងផ្ទះអាជីវកម្ម លំនៅដ្ឋានសុវណ្ណមច្ឆា ស្ថិតនៅក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចូលរួមពីអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលឈ្វែងយល់អំពីគំម្រោងលំនៅដ្ឋាននេះជាច្រើននាក់ផងដែរ។
បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា លោកអភិបាលខេត្តតែងតែជំរុញ និងសហការក្នុងការផ្តល់ទំនុកចិត្តចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយកាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិតដូចជា៖ បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ដីលំនៅឋានសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។
មន្ត្រីដដែលបញ្ជាក់ថា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសហការគ្នាក្នុងការរៀបចំគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជន ដែលបានវិនិយោគលំនៅដ្ឋាន ដែលមានតម្លាំទាប និងតម្លៃមធ្យម ទាំងនេះ ជាការគិតគូរដ៏ធំធេងចំពោះជីវភាពរស់នៅ របស់ពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលោកណេប សាវី ម្ចាស់គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា បានឱ្យដឹងថា
រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាបន្តបន្ទាប់ជាហេតុធ្វើឱ្យសេដ្ឋកិច្ច ក្នុងខេត្តស្វាយរៀងមួយនេះ មានការរីកចម្រើនយ៉ាងលឿន ដែលធ្វើឱ្យកំណើនប្រជាជនកើនឡើង យ៉ាងឆាប់រហ័សដែលមានទាំងចំណូលថ្មី និងការធ្វើចំណាកស្រុកមានអត្រាថយចុះគួរឱ្យកត់សម្គាល់។
លោកបានបន្ថែមថាវិស័យវិនិយោគអចនទ្រព្យមានសន្ទុះកើនឡើង ទាំងដីធ្លីសម្រាប់សាងសង់គម្រោងផ្សេងៗ ការអភិវឌ្ឍលំនៅឋាន និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធជាដើម។
គម្រោងផ្ទះអាជីវកម្មសុវណ្ណមច្ឆា មានទីតាំងស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ខេត្តស្វាយរៀងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ដែលជាទីតាំងល្អក្នុងការប្រកបរបរអាជីវកម្មផ្សេងៗផងដែរ ។
លោកបានបញ្ជាក់ថា ទិសដៅវិនិយោគរបស់ក្រុមហ៊ុន គឺផ្ដល់ជូនមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនអាជីវករ ប្រជាជនក្នុងខេត្តនូវលំនៅឋានបែបជីវកម្មដែលមានតម្លៃសមរម្យ ព្រមទាំងផ្ដល់ការរស់បែបសហគមន៍សម័យថ្មី លើកកម្ពស់សោភ័ណភាពខេត្ត ផ្ដល់ឱកាសចំណេញលើសក្តានុពលនៃគម្រោង និងចូលរួមអភិវឌ្ឍន៍ខេត្តស្វាយរៀង៕
ដោយ៖ យឹម សុថាន