កិច្ចពិភាក្សាស្តីពី «ការចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» ខាងមុខនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «ការចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩» ដោយមានការបកស្រាយពីវាគ្មិនចំនួន ៤នាក់ ក្នុងនោះវាគ្មិនជាអ្នកផ្ទុកមេរោគអេដស៍ ២នាក់ តំណាងយុវជនកាកបាទក្រហមកម្ពុជា ១នាក់ និងតំណាងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ១នាក់។

តាមរយៈពិភាក្សានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានផ្ញើសារលិខិតជូនបងប្អូនជនរួមជាតិក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះ សម្តេច បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ៖
១.​ សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជនយុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។

២.​ ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។

៣.​ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។

៤.​ ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍​ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

៥.​ ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។

៦.​ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និង ជំងឺអេដស៍, សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា ទូរទស្សន៍ជាតិកម្ពុជា និងបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្សេងទៀត នឹងធ្វើការចាក់ផ្សាយកិច្ចពិភាក្សាទាំងស្រុងខាងលើនេះ នៅថ្ងៃទី ២៩-៣០ ខែវិច្ឆិកា និងថ្ងៃទី ១-២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print