ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា : នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលង !
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៅកាន់សមាជិកអង្គសភាអាស៊ី និងអ៉ឺរ៉ុប (ASEP 11) កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលង។
សម្រេចលើកឡើងថា, ជាក់ស្តែង ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាពនានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង ។ យើងសង្កេតឃើញថា ការផ្លាស់ប្តូរនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម សន្ទុះដ៏លឿននៃបរិបទឌីជីថល សេដ្ឋកិច្ច និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន ។ ក្នុងន័យនេះ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ នឹងត្រូវបញ្ចូលនូវនិន្នាការទាំងនេះជារបៀបវារៈនៃការកែទម្រង់របស់យើង ហើយយើងមានសុទិដ្ឋិនិយមថា និន្នាការទាំងនេះនឹងក្លាយទៅជាសញ្ញាណរួម នៃការងើបឡើងវិញរបស់ពិភពលោក នៅក្រោយវិបត្តិនេះ ៕
ដោយ : សុខ ខេមរា