រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា នេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
. ពិនិត្យ និងសម្របសម្រួលផ្ដល់ការអនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្កានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារចូល និងស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ និងគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
. សម្របសម្រួលដល់ការអនុវត្តវិធានការរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅពេលដែលពលរដ្ឋអាហ្វហ្កានីស្ថានមកដល់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។
. សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ជ្រើសរើស ទីកន្លែងស្នាក់នៅ បណ្តោះអាសន្ន
. សម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរដើម្បីបង្កលក្ខណ:ដល់ការដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា និងរៀបចំមធ្យោបាយដឹកជញ្ជូនពីអាកាសយានដ្ឋានទៅកន្លែងស្នាក់នៅ និងនៅពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា
. សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងការរៀបចំគ្រប់គ្រងការស្នាក់នៅ និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា
. សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំ អប់រំ អំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ និងព័ត៌មាននានាទាក់ទងទៅនឹងជីវភាពសង្គម ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
. បង្កលក្ខណៈសម្រាប់ធ្វើការសម្ភាសន៍នានា ដើម្បីស្វែងរកការតាំងទីលំនៅនៅប្រទេសទីបី
.ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ
. រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

ក្រុមការងារនេះ ត្រូវបំពេញការងារក្រោមការដឹកនាំ ណែនាំដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រុមការងារនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន និងអាចប្រើប្រាស់ មន្ត្រីក្រោមឱវាទដើម្បីជួយបំពេញការងារតាមការចាំបាច់៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print