ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានពលរដ្ឋនិង អាជ្ញាធរបង្កើនការយកចិត្តទុកដាក់ជាពិសេស មើលថែមនុស្សចាស់ក្នុងអំឡុងពេលដែលរដូវរងា នឹងចូលមកដល់នាពេលខាងមុខ ដោយថាដើម្បី ផ្តល់ភាពកក់ក្តៅ និងចូលរួមទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងរដូវរងា។
សូមបញ្ជាក់ថា, ក្នុងសារសំឡេងពិសេសនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន លើកឡើងថា តាមបទពិសោធន៍នៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺតែងតែ ឆ្លងរាលដាលច្រើនក្នុងពេលដែលផ្លាស់ប្តូរអាកាស ធាតុចូលរដូវរងា។ សម្តេចបានជំរុញឱ្យក្រុម គ្រួសារ អាជ្ញាធរ កាកបាទក្រហម សប្បុរសជន និងតាមទីវត្តអារ៉ាឱ្យជួយឧបត្ថម្ភជា អាវរងា ភួយ មុង ដល់ ជីដូនជីតា មាតាបិតា យាយជីតា តាជី ព្រះសង្ឃដែលមានវ័យចាស់ជរា ជាពិសេស មនុស្សចាស់ដែលគ្មានទីពឹង ដើម្បីឱ្យពួកគាត់មាន លទ្ធភាពក្នុងការឆ្លើយតបនឹងរដូវរងា ក៏ដូចជាជំងឺ ឆ្លងនានាក្នុងរដូវរងាបាន។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងថា៖ «រដូវរងាបាននាំមក នូវជំងឺផ្សេងៗ ជាពិសេសផ្ដាសាយ។ ផ្ដាសាយក្នុងអំឡុងពេលកើតកូវីដនេះវាងាយនាំឱ្យមានការ ឆ្លងនូវជំងឺកូវីដពិតប្រាកដ។ ជារួមសារមួយនេះ អំពាវនាវដល់ពលរដ្ឋរបស់យើងឱ្យមានការយក ចិត្តទុកដាក់ការពារនូវសុខភាពក្នុងរដូវរំហើយនេះ ក្នុងដំណាក់កាលដែលប្រទេសរបស់យើងនៅមិន ទាន់បញ្ចប់នូវជំងឺកូវីដ-១៩ ដែលហានិភ័យ នៅមានខ្ពស់នៅឡើយ។ ប៉ុន្តែបើយើងមានការយក ចិត្តទុកដាក់ថែទាំសុខភាពគឺយើងនឹងឆ្លងកាត់បាន នូវដំណាក់កាលដែលនឹងត្រូវឆ្លងកាត់នៅរយៈ ពេលខ្លីខាងមុខនេះ» ។
ក្នុងសារសំឡេងនេះ សម្ដេចក៏អំពាវនាវដល់ ពលរដ្ឋដែលចេញដើរកម្សាន្តក្នុងអំឡុងព្រះរាជពិធី បុណ្យអុំទូកនេះឱ្យថែរក្សានូវសុវត្ថិភាព និងការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពេលថ្ងៃ សម្រាកនេះផងដែរ។
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២១។
សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ដែលធ្វើដំណើរកំសាន្តទីជិតទីឆ្ងាយសូមប្រកបដោយសុខសុវត្ថិភាព និងបន្តអនុវត្ត ៣កុំ ៣ការពារ រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន៕
ដោយ : សិលា