រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តរតនគិរីនៅតែស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធល្អ ជាពិសេសរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមមានភាពទាក់ទាញខ្លាំងណាស់

ចែករំលែក៖

ខេត្តរតនគិរី : បន្ទាប់ពីខកខានមកលេងកំសាន្តជិត២ឆ្នាំ ភ្ញៀវទេសចរសរសើរពីសម្រស់ធម្មជាតិ តាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី នៅតែរក្សាភាពស្រស់ស្អាតប្រកបដោយការទាក់ទាញ។ នេះបើយោងតាមរបាយការណ៍ពីអង្គភាព-មន្ទីរព័ត៌មានខេត្តរតនគិរី-ជម្រាបជូនលោម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អង្គភាព-មន្ទីរព័ត៌មានខេត្តរតនគិរី បានបន្តថា, ក្នុងដំណើរមកកំសាន្តក្នុងទឹកដី នៃខេត្តរតនគិរី ជាលើកដំបូងបន្ទាប់ ពីខកខាននាំក្រុមគ្រួសារមកលេងជិត២ឆ្នាំ បណ្តាលមកពីការរីករាលដាល នៃជំងឺកូវីដ-១៩ លោកពូ ម៉ក់ សៀង ជាភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ និងអ៊ុស្រី ហាក់ ម៉េងគីម មកពីខេត្តកណ្តាល បាននាំក្រុមគ្រួសារមកលេងកំសាន្តថ្ងៃទី១(ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានសម្តែងនូវការសប្បាយរីករាយ ដែលបានមកកាន់ទឹកដីស្រស់បំព្រងនៃខេត្តរតនគិរីម្តងទៀត។ លោកពូ និងអ៊ំស្រីជាអ្នកទេសចរណ៍ក្នុងស្រុកបានលើកឡើងថា “រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តរតនគិរីនៅតែស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធល្អ ជាពិសេសរមណីយដ្ឋានធម្មជាតិបឹងយក្ខឡោមមានភាពទាក់ទាញខ្លាំងណាស់ មានម្លប់ត្រឈឹងត្រឈៃ ផ្ទៃបឹងមានពណ៌ខៀវស្រងាត់ គួរអោយចង់មុជទឹកលេងខ្លាំងណាស់ ហើយសេវាកម្មទេសចរណ៍បានរៀបចំស្អាត និងអនុវត្តបានយ៉ាងល្អ តាមវិធានសុខាភិបាល មានកន្លែងលាងដៃ មានអាល់កុលសម្រាប់បាញ់ដៃ សម្រាប់ភ្ញៀវមុនចូលទទួលទានអាហារតាមកញ្ចុះថែមទៀតផង ពួកខ្ញុំមានអារម្មណ៍កក់ក្តៅណាស់”។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវក្តីមោទនៈ ចំពោះអ្វីដែលភ្ញៀវទេសចរណ៍ខាងលើលើកឡើង។លោកថាភាពស្រស់ស្អាតទាំងអស់នេះ គឺកើតចេញពីការគិតយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត។ជាក់ស្តែងដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃនេះ(ថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) លោកបានធ្វើការណែនាំអោយមន្រ្តីរាជការ សម្អាតតាមមន្ទីរអង្គភាព សម្អាតតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋាននានា ដោយរៀបចំទៅតាមស្តង់ដាSOP។ដោយឡែកសោភ័ណភាពលម្អ តាមដងផ្លូវក្នុងក្រុងបានលុង រំលេចទៅដោយភ្លើងពណ៌ចម្រុះ គ្រប់ទីកន្លែង។ហើយឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៩ ត្រូវបង្កលក្ខណៈសម្បត្តិអោយប្រជាពលរដ្ឋអុំទូក អកអំបុក តាមមូលដ្ឋានរៀងខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានសុខាភិបាលអោយបានល្អផងដែរ។

ទាក់ទងនឹងចំនួនភ្ញៀវទេសចរក្នុងថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២១នេះ លោក ង៉ែត ពិទូ បានអោយដឹងផងដែរថា ភ្ញៀវបានកក់សណ្ឋាគារ ផ្ទះសំណាក់ចំនួន៨០%ហើយ។ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកំសាន្ត ក្នុងថ្ងៃទី១ នៃពិធីបុណ្យ មានចំនួន៤,៦៥០នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ១៥នាក់។ លោកមានសុទិដ្ឋិនិយមថា ចំនួនភ្ញៀវនឹងបន្តហក់ឡើង ជាបន្តបន្ទាប់ទៀតនៅថ្ងៃទី២ ទី៣ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២១នេះ៕

ដោយ : សិលា

...







ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print