ភ្នំពេញ : នៅថ្ងៃសុក្រ ១៥កេីត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការបាក់ច្រាំងស្ទឹងព្រែកត្នោត នៅទីតាំងវត្តក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប៉ះពាល់ផ្លូវបេតុង ខាងក្នុង (មិនមែនជាសណ្តរស្ទឹង) លោក ម៉ៅ ហាក់ ប្រធានក្រុម ការងារមុខព្រួញរាជធានី សហការណ៍ ជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំេពញ បានធ្វេីការពារច្រាំងស្ទឹងបណ្តោះអាសន្ន ដេីម្បីការពារកុំឲ្យប៉ះពាល់ដល់វត្ត ។
កិច្ចប្រតិបត្តិការណ៍នេះ ចាប់ផ្តេីម ពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់នៅរំលងអាធ្រាត្រវេលាម៉ោង ៣ទាបភ្លឺ ឈានចូលថ្ងៃ ទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ។ សូមបញ្ជាក់ ថា ៖ នៅពេលទឹកស្រកវិញ មន្ទីរ ធនធានទឹក និងឧតុនិយម នឹងរៀបចំការពារច្រាំងនេះ ឲ្យបានរឹងមាំឡេីងវិញ ។
ដោយឡែកកាលពីម្សិលមុិញ អាជ្ញាធរខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹង ស្ដីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ។
អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកន្ធត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅ
ជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។
ដូច្នេះដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត។
រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុក ដាក់ខ្ពស់បំផុត នួវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់៕
ដោយ, សិលា