ភ្នំពេញ : លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, ការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ គឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការប្រើជីអាសូត ជួយបង្កើនទិន្នផល កាត់បន្ថយការបាត់បង់អាសូតទៅក្នុងប្រព័ន្ធបរិស្ថានដី និងទឹកដែលបណ្តាលឱ្យមានការបំពុលដល់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដែលបង្កឱ្យមានការកើនកំដៅផែនដី។
លោករដ្ឋមន្ត្រីបានបន្តថា, ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាតូមដើម្បីសន្តិភាពរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (International Atomic Energy Agency/IAEA) នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលការគាំទ្របច្ចេកទេសដើម្បីកសាងសមត្ថភាពចំណេះដឹងវិទ្យាសាស្រ្តនុយក្លេអែរសម្រាប់កសិកម្មជាមូលដ្ឋានដើម្បីគ្រប់គ្រងសារធាតុចិញ្ចឹមអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងផលិតកម្មដំណាំស្រូវ។
ការពិសោធន៍លើទីវាលត្រូវបានអនុវត្តនៅក្នុងស្ថានីយពិសោធន៍កសិកម្មព្រៃផ្តៅរបស់អគ្គនាយកដ្ឋានកសិកម្ម ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃប្រសិទ្ធភាពប្រើប្រាស់ជីអាសូតរបស់ដំណាំស្រូវតាមរយៈការប្រើជីកំប៉ុស្តិ៍លាមកសត្វដាក់ទ្រាប់បាត ការកំណត់កម្រិតនៃការដាក់ជីអាសូត ពេលវេលា ការបែងចែកកម្រិតបាចជីអាសូតទៅតាមដំណាក់កាលលូតលាស់ និងពេល វេលាដាំដុះក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវក្រអូបរដូវស្សាដោយប្រើប្រាស់ពូជស្រូវផ្ការំដួលនៅលើក្រុមដីទួលសំរោង។ ការសិក្សាស្រាវជ្រាវបានប្រព្រឹត្តទៅជាស៊េរីក្នុងឆ្នាំ២០១៤ ២០១៨ និង ២០១៩ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
១- ការពិសោធន៍វាយតម្លៃការស្រូបយកជីអាសូតរបស់ដំណាំស្រូវក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជីសរីរាង្គនិងជីគីមី៖
ការពិសោធន៍នេះត្រូវបានអនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ២០១៤ ដោយបំបែកជីអាសូតជាបីដង គឺ៖ – ៤០% ដាក់ទ្រាប់បាត – ៣០% ដាក់ក្រោយពេលស្ទូង ៣០ថ្ងៃ និង – ៣០% ទៀត ដាក់ក្រោយពេលស្ទួង ៦០ថ្ងៃ (ដំណាក់កាលកំណរកំណើតកួរ)។ ការប្រើជីកំប៉ុស្តិ៍លាមកសត្វមាន ២កម្រិតគឺ៖ ដាក់ ៧,៥តោន/ហត និង ១៥តោន/ហត (ដាក់ទ្រាប់បាតមុនពេលស្ទូង១ថ្ងៃ)។ ចំពោះបរិមាណជីអាសូតគឺប្រើតាមកម្រិតណែនាំលើដំណាំស្រូវសម្រាប់ក្រុមដីទួលសំរោង ៨៤គ.ក្រ/ហត។ លទ្ធផលបានបង្ហាញថា ទិន្នផលស្រូវនៅក្នុងបច្ច័យដែលប្រើជីកំប៉ុស្តិ៍លាមកសត្វ ៧,៥តោន/ហត មានចំនួន ៣,៣១តោន/ហត និងជីលាមកសត្វចំនួន ១៥តោន/ហត មានចំនួន ៣,៣៨តោន/ហត ដោយការកាត់បន្ថយកម្រិតជីអាសូតចំនួន៥០%។ ចំណែកប្រសិទ្ធភាពប្រើជីអាសូត (ជីអ៊ុយរ៉េ) ដែលបានដាក់មានកម្រិតខ្ពស់ជាងគេនៅក្នុងបច្ច័យដែលប្រើជីកំប៉ុស្តិ៍លាមកសត្វ ១៥តោន/ហិកតា គឺចំនួន ៣២%។
២- ការពិសោធន៍ដើម្បីបង្កើនទិន្នផលស្រូវឱ្យបានខ្ពស់បំផុត និងការកែលម្អប្រសិទ្ធភាពប្រើជីអាសូត៖
ការពិសោធន៍នេះត្រូវបានអនុវត្តនៅក្នុងខែសីហា ឆ្នាំ២០១៨ ដោយបំបែកជីអាសូតជាបីដង គឺ៖ – ៤០% ដាក់ទ្រាប់បាត – ៣០% ដាក់ក្រោយពេលស្ទូង ៣០ថ្ងៃ និង – ៣០% ដាក់ក្រោយ ពេលស្ទូង ៦០ថ្ងៃ។ ការដាក់ជីអាសូតមាន ៣ កម្រិតគឺ ៩៨គ.ក្រ/ហត ១១៣គ.ក្រ/ហត និង ១២៧គ.ក្រ/ហត។ លទ្ធផលបានបង្ហាញថា ទិន្នផលស្រូវខ្ពស់ជាងគេក្នុងបច្ច័យដែលដាក់ជីអាសូត ៩៨គ.ក្រ/ហត គឺចំនួន ២,៨៦តោន/ហត ហើយមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ៤៨% បន្ទាប់មកគឺបច្ច័យដែលប្រើ ១១៣គ.ក្រ/ហត ទទួលបានទិន្នផល ២,៧៣តោន/ហត
និងប្រសិទ្ធភាពប្រើជីអាសូតមានចំនួន ៤៥%។ ចំណែកបច្ច័យដែលប្រើជីអាសូតខ្ពស់ជាងគេ ១២៧គ.ក្រ/ហត ផ្តល់បានទិន្នផលត្រឹមតែ ២,៦៣តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតចំនួន ៣៤%។ បច្ច័យដែលដាក់ជីអាសូត ១២៧គ.ក្រ/ហត បានបង្ហាញរោគសញ្ញាលើសសារធាតុចិញ្ចឹមអាសូត ដោយមានការដួលដើមច្រើននៅដំណាក់ កាលដាក់ទឹកដោះនៃវគ្គទុំរបស់ដំណាំស្រូវ។
នៅក្នុងខែកក្កដា ឆ្នាំ២០១៩ ការពិសោធន៍ត្រូវបានធ្វើឡើងដោយបំបែកជីអាសូតជាពីរដងគឺ៖
– ៦០% ដាក់ទ្រាប់បាត និង – ៤០% ទៀតដាក់ក្រោយពេលស្ទូង ៥០ថ្ងៃ។ លទ្ធផលបានបង្ហាញ ថា ទិន្នផលស្រូវខ្ពស់ជាងគេគឺបានលើបច្ច័យដែលប្រើជីអាសូតចំនួន ៨៩គ.ក្រ/ហត គឺ ៤,៨១ តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតប្រមាណ ៣១%។ បច្ច័យដែលដាក់ជីអាសូត ៦៩គ.ក្រ/ហត បានផ្តល់ទិន្នផលចំនួន ៤,៦៥តោន/ហត និងមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ៣២% រីឯបច្ច័យដែលដាក់ជីអាសូតចំនួន ៤២គ.ក្រ/ហត ទទួលបានទិន្នផលតែចំនួន ៤,៣៤ តោន/ហត ហើយមានប្រសិទ្ធភាពប្រើជីអាសូតចំនួន ២៥% ចំណែកបច្ច័យ ដែលដាក់ជីអាសូតចំនួន ៧៩គ.ក្រ/ហត ទទួលបានទិន្នផលចំនួន ៤,២៩តោន/ហត ជាមួយនឹងប្រសិទ្ធភាពប្រើជីអាសូតប្រមាណជា ៣០%។
សរុបមក ការពិសោធន៍ស្រាវជ្រាវខាងលើផ្តល់នូវការយល់ដឹងអំពីការគ្រប់គ្រង និងប្រើជីអាសូតឱ្យមានប្រសិទ្ធភាពខ្ពស់លើផលិតកម្មដំណាំស្រូវ។ ការយល់ដឹងរបស់កសិករអំពីកត្តាទាំង នេះគឺ ជាជម្រើសដ៏វៃឆ្លាតមួយក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមអាសូត កាត់បន្ថយបរិមាណជី និងបង្កើនទិន្នផល។ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម សូមផ្តល់ការណែនាំមួយចំនួនដូច តទៅ៖ ទី១- ការប្រើជីសរីរាង្គ បាចក្នុងដីស្រែជួយបង្កើនប្រសិទ្ធភាពនៃការប្រើជីអាសូត កាត់បន្ថយបរិមាណជីអាសូត និងបង្កើនទិន្នផលដំណាំស្រូវ ទី២- ការដាក់ជីអាសូតចំនួន ៩៨គ.ក្រ/ហត លើក្រុមដីទួលសំរោងគឺជាជម្រើសល្អបំផុតសម្រាប់ស្រូវក្រអូបផ្ការំដួល ឬប្រភេទពូជស្រូវកណ្តាលដោយសារវាជួយកាត់បន្ថយការដួលដើមដោយសារការលើសសារធាតុចិញ្ចឹមអាសូត បង្កើនប្រសិទ្ធភាពប្រើជីអាសូត និងផ្តល់ទិន្នផលដំណាំខ្ពស់ជាង គេ។ កម្រិតជីអាសូតក៏អាចបន្ថយរហូតដល់ ៤២គ.ក្រ/ហត ដោយមិនធ្វើឱ្យធ្លាក់ចុះទិន្នផលខ្លាំងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចគ្រួសារកសិករ ទី៣- ចំពោះស្រូវកណ្តាល (ផ្ការំដួល) ការដាក់ជីអាសូតអាចបំបែកជាបីដង គឺដាក់ទ្រាប់បាត ៤០% ដាក់ ៣០% ក្រោយពេលស្ទូង ៣០ថ្ងៃ និង ៣០% ទៀតដាក់ក្រោយពេលស្ទូង ៦០ថ្ងៃ។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពទឹកក្នុងស្រែពីព្រោះវាមានឥទ្ធិពលខ្លាំងណាស់ទៅលើប្រសិទ្ធភាពប្រើប្រាស់ជីអាសូតរបស់ដំណាំស្រូវ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា : ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
– បណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ( ០១២ ៨០៤ ១៨១)
– លោក ភី ឈិន អនុប្រធានការិយាល័យនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ៕
ដោយ, សិលា