ភ្នំពេញ : រយៈពេល ៣៦ថ្ងៃ ប្រជាពលរដ្ឋដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី សរុបមានចំនួនជាង ៣៧ម៉ឺននាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុបមានចំនួនជិត ១៨ម៉ឺននាក់។ នេះជាការបញ្ជាក់ពីគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្នរយៈពេល៣៦ថ្ងៃ នៃការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានបញ្ជាក់ថា ,
តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.២៨៣ លទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី៣៦ នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេស មាន ដូចខាងក្រោម៖
-ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧.៥៨១ នាក់
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៣.២៥៥ នាក់
— អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤.១០៣ នាក់
-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២.៤៧២ នាក់។
សរុបរយៈពេល ៣៦ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖ ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៣៧២.៤០២ នាក់
-អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១៧៧.៦៣១ នាក់ អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៤៨.៧៤៩ នាក់
-អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១១៣.២៥០ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១. ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១. គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដែលបច្ចុប្បន្ន មានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បី៖ ពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គង សាមីខ្លួនត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេល បោះឆ្នោត។
ចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក៕
ដោយ, សិលា