ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាចោរច្រើនធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេពេលស្ងាត់ភូមិ ត្រូវបានបងប្អូនប្រជាពលរដ្ឋជាអ្នកភូមិផ្អើលដេញចាប់ឃាត់ខ្លួនបាន ហើយដោយពួកគាត់ខឹងខ្លាំងពេកទ្រាំមិនបាន ក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រមខ្លួន រួចទើបប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីជននេះធ្វើសកម្មភាពគាស់បន្ទប់ជួលប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេចផងត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យខំរត់គេច ប៉ុន្តែត្រូវអ្នកភូមិដេញចាប់បាន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមផ្លូវលំក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលអ្នកភូមិចាប់ឃាត់ខ្លួនបាននោះ ឈ្មោះ វ៉ែន ឡោះ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់ផ្ទះជួលឈ្មោះ សុិន សុភ័ក្ត្រា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមើលថែផ្ទះជួល មានទីលំនៅក្នុងភូមិកើតហេតុ ។
តាមសម្តីស្ត្រីម្ចាស់ផ្ទះបានឱ្យដឹងថា ផ្ទះជួលរបស់គាត់កើតមានចោរកម្មគាស់បន្ទប់លួចយករបស់របរសម្ភារ ទ្រព្យសម្បត្តិជាញឹកញាប់ណាស់មកហើយ តែមិនដែលតាមទាន់ឬចាប់បានជនសង្ស័យឡើយ ហើយកាលពីសប្តាហ៍មុន ជនសង្ស័យបានមកគាស់បន្ទប់លួចយកទ្រព្យសម្បត្តិ លុះឆែកមើលតាមរយៈកាមេរ៉ាសុវត្ថិភាព គឺបានស្គាល់មុខមាត់ ភិនភាគជនសង្ស័យយ៉ាងច្បាស់។ លុះមកដល់រសៀលថ្ងៃនេះ ស្រាប់តែលេចមុខជនសង្ស័យមកធ្វើសកម្មភាពគាស់សោបន្ទប់ម្តងទៀត ទើបគាត់ស្រែកឆោឡោ ផ្អើលរត់គេច តែត្រូវបានបងប្អូនអ្នកភូមិជួយដេញតាមចាប់ចម្ងាយជាង៥០០ម៉ែត្រ ទើចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើយទ្រមខ្លួន រួចទើបប្រគល់ជូនសមត្ថកិច្ច ។
តាមពិតប្រជាពលរដ្ឋបានតាមយូរមកហើយ ចំពោះជនសង្ស័យខាងលើ ខណៈធ្លាប់សកម្មភាពកន្លងមក។
សូមបញ្ជាក់ថា ក្រោយចាប់ឃាត់ខ្លួនបាន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងម្ចាស់ផ្ទះជួលក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផងដែរ ៕
ដោយ : សហការី