ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដោយសារតែអ្នកបើកម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកកង់ពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវលំក្នុងភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងស្រីដែលស្លាប់មានឈ្មោះសេង ដាវី អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិធំ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្ត ស្វាយរៀង។
ចំណែកអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះនួន រ៉ាត់ អាយុ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិធ្លក ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកHonda Satu Hati ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ រងការខូចខាតយ៉ាងដំណំ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់មួយគ្រឿងលើផ្លូវលំតែម្នាក់ឯង ខណ:នោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHonda Satu Hati ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខបើកក្នុងទិសដៅស្របគ្នាដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ទៅបុកពីក្រោយកង់ក្មេងស្រីយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្តង។
ក្រោយមកក្មេងស្រីរងគ្រោះត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ប៉ុន្តែដោយរបួសធ្ងន់ពេកក៏បានបាត់បង់ជីវិតទៅ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទើបមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ចំណែកវត្ថុតាងទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត។ រីឯសពក្មេងស្រីបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន