ភ្នំពេញ : គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំជាងគេនៅកម្ពុជា បទពិសោធន៍នៃការដឹកនាំដ៏ប៉ិនប្រសព្វ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងប្រជាធិបតេយ្យផ្ទៃក្នុងច្បាស់លាស់។ នេះគឺជាភាពរឹងមាំរបស់គណបក្សប្រជាជន ដើម្បីបុព្វហេតុប្រជាជន ដើម្បីប្រយោជន៍ប្រជាជន និងសម្រាប់ប្រជាជន។ នេះជាលើកឡើងរបស់ លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងជាអភិបាលរង រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា,នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងធំ ខណ្ឌកំបូល បានដឹកនាំរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើសបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់បឹងធំ អាណត្តិទី៥ (២០២២-២០២៧)។
ការចុះមូលដ្ឋាននេះ បន្ទាប់ពីលោក បញ្ចប់ក្នុងការដឹកនាំបញ្ជា រៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ត្រូវបានបញ្ចប់ ប្រកបដោយ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ៕
ដោយ : សិលា