ភ្នំពេញ៖ តារាសម្តែង និងជាអតីតហ្វេស៊ីចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៦ លោក ថៃ នរៈពិទូ បានសម្រេចចិត្តសំពះផ្ទឹមជាផ្លូវការជាមួយកូនមន្ត្រីនគរបាលជាតិដែលមានរូបសម្បត្តិស្រស់សោភាម្នាក់។ ពិធីមង្គលការនេះបានរៀបចំជាផ្លូវការកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីរៀបមង្គលការនេះបានធ្វើឲ្យភ្ញាក់ផ្អើលសម្រាប់មហាជន ក្រោយពេលដែលតារាសម្តែងរូបនេះហាក់បន្សាត់ខ្លួនឆ្ងាយពីការសម្តែងអស់រយៈពេលជាច្រើនឆ្នាំ។
លោកថៃនរៈសត្យា ជាឪពុកលោកថៃ នរៈពិទូ បានមានប្រសាសន៍ថា ក្រោយពេលចំណាយចិត្តគ្នាមើលពិនិត្យមួយរយៈកាលកូនប្រុសរបស់លោកបានរៀបការពេញមុខពេញច្បាប់ជាផ្លូវការជាមួយ កញ្ញា អោក រតនៈប៉ុណ្ណិកា ។ លោកបញ្ជាក់ថាទោះបីជាពួកគេបានស្គាល់គ្នាដោយខ្លួនឯងប៉ុន្តែវាក៏ជារឿងចៃដន្យដែរដែលលោក និងឪពុកកូនស្រីក៏ធ្លាប់ជាមិត្តភក្តិនឹងគ្នាពីកុមារភាពមកម៉្លេះ ហើយពិធីមង្គលការនេះគឺកើតឡើងពីការពេញចិត្តទាំងកូនៗនិងឪពុកម្តាយ។ លោកបន្តថាមង្គលការនេះរៀបចំនៅអាគារ«L»កោះពេជ្រដោយមានវត្តមានឯកឧត្តម លោកជំទាវ និងតារាសិល្បៈមួយចំនួនប្រមាណជាង៧០០នាក់។
លោករដ្ឋលេខាធិកានៃក្រសួងវប្បធម៌រូបនេះបន្តឲ្យដឹងទៀតថា ទាំងរូបលោក និងភរិយាមិនបានប្រកាន់នូវប្រពៃណីចាស់បុរាណតាមពាក្យ«នំមិនធំជាងនាឡិ»ឡើយពោលកូនៗទាំងនេះគេស្គាល់គ្នាហើយបានណែនាំជូនចាស់ៗសងខាងដើម្បីបានពិនិត្យនិងស្វែងយល់មិនបានកៀបសង្កត់អំណាចជាឪពុកម្តាយឡើយ។ លោកបន្តថាសម័យនេះកូនៗទាំងឡាយតែងតែស្គាល់គ្នាមុននឹងមកដល់ឪពុកម្តាយស្គាល់ហើយមិនខុសប្រពៃណីអ្វីឡើយព្រោះសំអាងលើការមានគុណធម៌ហើយចាស់ទុំត្រូវតែជួយវិនិច្ឆ័យនោះជារឿងត្រឹមត្រូវដូចជាប្រសាសន៍សម្តេចតេជោលើកឡើងថា«យុទ្ធសាស្ត្រឈ្នះៗ» គឺលោកពិតជាបានសម្រេចគោលដៅទាំងអស់គ្នា។ លោកបញ្ជាក់ដែរថា ក្រោយរៀបការហើយពិទូនៅមានសិល្បៈខ្លះមិនទាន់ចោលនៅឡើយទេ។ ចំណែកភរិយារបស់គេជាអ្នករកស៊ីដែលមានឪពុកជាមន្ត្រីរាជការមួយបម្រើការជានគរបាលជាតិ។ លោកថាកូនប្រុសលោកក៏មានការងារក្រៅសិល្បៈគឺការរកស៊ីខ្លះដែរ ប៉ុន្តែមិនទាន់រឹងមាំមួយរយភាគរយទេ។
ពេលនេះពួកគេទាំង២ដូចជាកូនចាប១គូប្រឹងហោះនៅលើអាកាសដូចចាបនានាត្រូវចេះរកទ្រនំខ្លួនឯងចេះប្រឹងរកសំបុកនៅឲ្យកក់ក្តៅ។ លោកថាក្នុងនាមជាឪពុកម្តាយបានតែត្រឹមជូនពរឲ្យកូនៗចេះស្រឡាញ់គ្នាតស៊ូទោះជាកាលៈទេសៈណាក៏ដោយត្រូវខិតខំយកធម៌ខន្តីសណ្តោសគ្នាអត់ធ្មត់មិនត្រូវចង់ឈ្នះចាញ់គ្នាឡើយហើយរំពឹងថា ពួកគេនឹងស្រលាញ់គ្នានិងចាប់ដៃគ្នាកសាងគ្រួសារដោយសុភមង្គល៕
ដោយ៖ វឌ្ឍនា