ភ្នំពេញ: ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងតាមដេញធាក់ផ្តួលដើម្បីប្លន់យកម៉ូតូមួយគ្រឿងដែលជិះដោយយុវជនម្នាក់តែប្លន់យកម៉ូតូមិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង២០ យប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ២០២២ ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1IY-5596ក្នុងទិសដៅពីលិចទៅកើត។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៧ទៅ៨នាក់ជិះម៉ូតូចំនួន៤គ្រឿងមកពីក្រោយ បានមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះបណ្តាលដួលបោកទៅនឹងថ្នល់បណ្ដាលជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុគេឃើញវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ រួចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រង់ចាំទុកប្រគល់ជូនសាច់ញាតិជនរងគ្រោះវិញ៕
ដោយ៖ សុខាសែនជ័យ