ភ្នំពេញ៖ រដូវចូលឆ្នាំខ្មែរដែលខិតជិត មកដល់នាពេលថ្មីៗខាងមុខនេះគេបាន ឃើញតាមមន្ទីរក្រសួង ស្ថាប័នរបស់រដ្ឋក៏ ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បាន រៀបចំពិធីសូត្រមន្តបាំងស្គូលឧទ្ទិសដល់ អ្នកមានគុណដើម្បីសុំសេចក្តីសុខ និងជោគជ័យក្នុងរបររកស៊ីក៏ដូចជាការងារ ប្រចាំថ្ងៃ។
នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងសាលាខណ្ឌឫស្សីកែវបានរៀបចំ ពិធីចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរី សួរស្តីជ័យមង្គល វិបុលសុខក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំវក អដ្ឋ ស័ក ព.ស២៥៦០ គ.ស២០១៦ ដែល មានការចូលរួមពីលោកជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌនិងភរិយាអ្នកស្រី អាន ផល្លា ព្រមទាំងមន្ត្រីរាជការក្រោយ ឱវាទសាលាខណ្ឌជាច្រើនរូបទៀត។
គេតែងសង្កេតឃើញថា ជារៀងរាល់ ឆ្នាំនៅតាមទីតាំងក្រសួងនានាក៏ដូចជានៅ តាមលំនៅឋានរបស់ប្រជាពលរដ្ឋក៏មាន ការរៀបចំពិធីនេះទៅតាមទំនៀមទម្លាប់ ប្រពៃណីសាសនារបស់កម្ពុជា។
ទន្ទឹមនឹងនោះគណៈអភិបាលខណ្ឌក៏ បានកោះប្រជុំមន្ត្រីក្រោមឱវាទរួមទាំងកងកម្លាំងប្រដាប់អាវុធដើម្បីធ្វើយ៉ាងណាក្នុង រយៈពេលចូលឆ្នាំប៉ុន្មានថ្ងៃខាងមុខនេះត្រូវ ពង្រឹងទៅលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សង្គមចៀសវាងប្រការណាមួយដែលកើត ឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា សុំ ឲ្យសង្កាត់ក៏ដូចជាកងកម្លាំងត្រូវពិនិត្យឲ្យ បានម៉ត់ចត់និងដាក់វេនប្រចាំនៅតាមទីវត្តអារាម និងតាមបណ្តាដងផ្លូវមួយចំនួនដើម្បី រក្សារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តក៏ដូចជាការមកធ្វើបុណ្យទានផងដែរ៕
ដោយ៖ អរុណរះ