ស្ត្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាលើដងផ្លូវត្រូវក្រុមចោរ៣នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យកកាបូបបណ្តាលឲ្យដួលរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា អំពើឆក់ប្លន់នេះបានកើតឡើងនៅវេលាម៉ោង៣និង ១៧នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា មានក្រុមចោរឆក់កាបូបតាមដងផ្លូវជាតិលេខ៥៧ចំនួន០៣នាក់ មានដាវសាមូរ៉ៃ០១ដើម បានធ្វើសកម្មភាពឆក់ប្លន់យកកាបូបពីជនរងគ្រោះចំនួន០២នាក់ ខណៈដែលកំពុងពួកគាត់កំពុងតែជិះម៉ូតូឌុបគ្នា បណ្តាលឱ្យដួលរងរបួសធ្ងន់និងស្រាលតែម្តង ។

បើតាមសមត្ថកិច្ចជំនាញបានបន្តថា ជនរងគ្រោះទី១-ឈ្មោះ សែត មុំ ភេទស្រី អាយុ២៤ឆ្នាំ របួសបាក់ជើងខាងឆ្វេង និងជនរងគ្រោះទី២-ឈ្មោះសែត ឌួង ភេទស្រី អាយុ៤០ឆ្នាំ រងរបួសដៃខាងស្ដាំ ហើយអ្នកទាំងពីរនាក់រស់នៅក្នុងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ចំណែកជនសង្ស័យមានឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពឆក់កាបូបបានហើយ សម្ភារៈដែលបាត់មានដូចជា៖
ប្រាក់ចំនួន២០មុឺនរៀល, ទូរស័ព្ទចំនួន ០១គ្រឿង។ រីឯជនសង្ស័យចំនួន០២នាក់ទៀត គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះពេលនេះពួកគេកំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងជនសង្ស័យ០២នាក់ទៀត ដែលបានរត់គេចខ្លួនកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
រីឯម៉ូតូជនសង្ស័យដែលជិះធ្វើសកម្មភាព
ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print