ខេត្តសៀមរាប : ភូមិចំនួន៣នៅក្នុងឃុំរុនតាឯក ទទួលបានផ្លូវក្រាលកៅស៊ូប្រភេទDBSTមួយខ្សែប្រវែង៣,៥គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងមកលើគុណភាពជីវិតរបស់អ្នកភូមិទនៅទីនោះ។ នេះបើតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកអភិបាលបានលើកឡើងថា, ច្រើនឆ្នាំមកហើយដែលអ្នកភូមិស្រែចង្ហូត ភូមិថ្នល់ និងភូមិតានីត្រូវទ្រាំរស់នៅជាមួយនឹងភាពរំខាននៃផ្លូវគ្រួសក្រហម ដែលតែងតែមានដីហុយខ្លាំង ពិបាកដកដង្ហើម និងពោរពេញទៅដោយលម្អងធូលីដីគ្រប់ដណ្តប់កាន់ស្នឹមយ៉ាងក្រាស់នៅពីលើដំបូលផ្ទះនីមួយៗរបស់ពួកគាត់។ ខ្ញុំធ្លាប់បានមកដល់ភូមិទាំងនេះ ជាពិសេសភូមិស្រែចង្ហូត កាលពីពេលដំបូងៗដែលខ្ញុំទើបបានមកបំពេញតួនាទីនៅក្នុងស្រុកបន្ទាយស្រី ហើយក៏បានឃើញពីសកម្មភាពដ៏រស់រវើក និងភាពអស្ចារ្យនៃសក្តានុពលខាងផ្នែកទេសចរណ៍របស់ភូមិបុរាណបែបនេះផងដែរ។ ភូមិទាំងអស់នេះ សុទ្ធសឹងតែជាភូមិបុរាណ ដែលមានអត្តសញ្ញាណរបស់ខ្លួន និងប្រពៃណីទំនៀមទម្លាប់យ៉ាងសម្បូណ៌បែបមិនចាញ់ភូមិព្រះដាក់ឡើយ។
លោកបន្តថា, ផ្ទះភាគច្រើនជាផ្ទះធ្វើពីឈើផុតពីដី មានដាំផ្កា ដាំដើមឈើហូបផ្លែ អ្នកស្រុកចេះចិញ្ចឹមជ្រូក គោក្របី មាន់ទា និងនៅក្រោយផ្ទះភាគច្រើនសុទ្ធតែមានវាលស្រែល្វឹងល្វើយពណ៌ខៀវស្រងាត់។ បុរសៗភាគច្រើនប្រកបរបរឡើងត្នោត និងផលិតស្ករត្នោត រីឯស្ត្រីៗវិញច្រើនផលិតស្មុគធ្វើពីស្លឹក បិតស្រា និងដុតក្រឡាន។ ឃើញហើយ ខ្ញុំតែងតែលួចសង្ឃឹមថា ប្រសិនបើថ្ងៃណាមួយ ផ្លូវដែលឆ្លងកាត់ភូមិទាំងអស់នេះក្លាយជាផ្លូវក្រាលកៅស៊ូវិញ មិនដឹងជាមានអ្នកទេសចរមកលេងកម្សាន្តច្រើនប៉ុណ្ណាទេ។
ថ្ងៃនេះ ក្តីសង្ឃឹមនោះក៏បានក្លាយជាការពិតមែន។ បើទោះជាយើងនៅសល់ផ្លូវឆ្លងកាត់ភូមិជាច្រើនទៀតដែលស្ថិតនៅជាផ្លូវដីគ្រួសក្រហមនៅឡើយ ប៉ុន្តែផ្លែផ្កានៃការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យគម្រោងបែបនេះអាចលេចចេញជារូបរាងបានជាលើកដំបូងនៅតាមទីជនបទ។ ផ្លូវក្រាលកៅស៊ូមួយខ្សែនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ត្រួសត្រាយផ្លូវឱ្យអាជ្ញាធរមូលដ្ឋានអាចរៀបចំភូមិទាំងនេះឱ្យមានគុណតម្លៃ និងភាពទាក់ទាញខាងផ្នែកទេសចរណ៍ ដើម្បីរុញច្រានឱ្យមានការអភិវឌ្ឍឈានឡើងថែមមួយកម្រិតទៀត និងចាប់យកសក្តានុពលក្នុងតំបន់ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ៕