ភ្នំពេញ ៖ ពិតជារឿងគួរឱ្យហួសចិត្តមែនចំពោះក្មេងខ្លះនៅសម័យនេះ ដោយគ្រាន់តែខឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ តូចចិត្តដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វា ប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋឃើញជួយសង្គ្រោះទាន់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានជ្រោយចង្វាកម្ពុជា-ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្មេងស្រីរងគ្រោះមានឈ្មោះចន ស្រីណន ហៅម៉ៅ អាយុ១៨ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនភ្នំពេញថ្មី មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្ន ស្នាក់នៅជាមួយនឹងឪពុកម្ដាយនៅខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញក្មេងស្រីរងគ្រោះជិះឡំប្រឺតាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរពីរង្វង់មូលកួចកាណុងហើយក៏បានឱ្យអ្នកបើកឡំប្រឺតាឈប់រួចដើរឡើងមកលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វាដោយដើរបណ្ដើរយំបណ្ដើរនៅក្នុងដៃរបស់នាងមានកាន់ទូរស័ព្ទមួយគ្រឿងផង ខណៈដើរមកដល់ពាក់កណ្ដាលស្ពានក៏ឈប់ហើយយកដៃទៅតោងលើបង្កាន់ដៃស្ពានរួចស្រែកយំ ទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅលើស្ពានមានការសង្ស័យក៏នាំគ្នារត់ទៅចាប់នាង ហើយរាយការណ៍ជូនសមត្ថកិច្ចឱ្យមកទទួលយក។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការសាកសួររូបនាងតែនាងមិនព្រមនិយាយស្ដីបែរជាស្រែកយំកាន់តែខ្លាំងឡើង ទើបសមត្ថកិច្ចសម្រេចចាប់នាងដាក់លើម៉ូតូរួចដឹកយកទៅកាន់ប៉ុស្តិ៍ស្រះចកដើម្បីធ្វើការសួរនាំនិងអប់រំកុំឱ្យនាងគិតខ្លីបែបនេះបន្តទៅទៀត។ ក្រោយមកនាងក៏បានទប់អារម្មណ៍និងស្មារតីបានទើបនិយាយប្រាប់លេខទូរស័ព្ទឪពុកម្ដាយទៅដល់សមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទាក់ទងទៅឪពុកម្ដាយនិងសាច់ញាតិឱ្យមកទទួលយកនាងពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកទៅផ្ទះវិញ៕
ដោយ៖ ជ្រោយពេជ្រ