សត្វអន្សង ដែលភាសាអង់គ្លេសហៅថា Varanus salvator នោះ ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វដ៏កម្រមួយ ប៉ុន្តែឥឡូវនេះគេបានប្រទះឃើញវាបង្ហាញវត្តមាន នៅក្នុងតំបន់បឹងទន្លេសាប ។ វត្តមានរបស់សត្វអន្សងនៅក្នុងតំបន់បឹងទន្លេសាបនេះ បានធ្វើឱ្យក្រុមអ្នកអភិរក្សមានការភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង។
លោក សាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានឱ្យដឹងថា សត្វអន្សងនេះ ជាប្រភេទសត្វដ៏កម្រមួយ ហើយវាស្ទើរតែជិតផុតពូជទៅហើយ ប៉ុន្តែវាបានបង្ហាញវត្តមាន នៅក្នុងតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា ។ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក បានទទួលព័ត៌មានថា ក្រុមមន្ត្រីនៃអាជ្ញាធរបឹងទន្លេសាបបានប្រទះឃើញ សត្វអន្សង (Varanus salvator) ដ៏កម្រនេះ ដែលវាបានបង្ហាញវត្តមាន នៅក្នុងតំបន់បឹងទន្លេសាប ។
លោកសាស្ត្រាចារ្យ លឹម ពុយ មានប្រសាសន៍ទៀតថា នេះជាព័ត៌មានដ៏រីករាយមួយ ដែលយើងបានទទួលពីភ្នាក់ងារអាជ្ញាធរទន្លេសាបរបស់យើងនៅតំបន់ពាក់កន្ទេល ក្នុងបឹងទន្លេសាប ដែលពួកគេបានប្រទះឃើញញវត្តមានសត្វអន្សង ដែលមានឈ្មោះតាមបែបវិទ្យាសាស្រ្តហៅថា Varanus salvator ដែលជាប្រភេទសត្វដ៏កម្រមួយនៅលើភពផែនដីយើងនេះ។
សត្វអន្សង (Varanus salvator)នេះត្រូវបានគេចាត់ចូលក្នុងបញ្ជីឧបសម្ព័ន្ធ II របស់អនុសញ្ញា CITES ។ សត្វអន្សងវ័យជំទង់ដែលគេបានប្រទះឃើញនេះ មានប្រវែង ៨០ សង់ទីម៉ែត្រ និងទម្ងន់ ១,១ គីឡូក្រាម។ លោក សាស្ត្រាចារ្យ លឹម ពុយ ថា វត្តមានរបស់សត្វអន្សងនៅក្នុងតំបន់បឹងទន្លេសាបនេះ ជាសញ្ញាវិជ្ជមានមួយក្នុងការអភិរក្សតំបន់បឹងទន្លេសាប ដែលវាមានលក្ខណកាន់តែប្រសើរជាងមុន ៕ ដោយ៖ ជ្រោយពេជ្រ