អភិបាលខេត្ត​តាកែវ​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលា ខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុកទាំង១០ និង លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត លោកមេបញ្ជាការតំបន់សឹករងខេត្ត ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលខេត្តជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តតាកែវ ក៏បានថ្លែងការ កោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំព្រមទាំងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំពុះពារ រាល់ការលំបាកទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងកិច្ចការចំពោះ មុខរហូតទទួលបាន លទ្ធផលល្អប្រសើរនាពេលកន្លងមក ពិសេសលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ​លោកអភិបាលខេត្ត ក៏បានជំរុញបន្ថែមទៀត ដល់ថ្នាក់ដឹកនាំទាំងអស់ពិសេស ថ្នាក់ដឹកនាំតាម បណ្ដាក្រុង ស្រុកទាំង១០ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ឱ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បី ផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើរដល់បងប្អូនប្រជាពលរដ្ឋយើង ដោយធានាទាំងសន្តិសុខ និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

បន្ថែមពីនេះ​ លោក​អភិបាល​ខេត្ត​ បានគូសបញ្ជាក់ថា​​ យេីងត្រូវបន្តផ្សព្វផ្សាយ និងទប់ស្កាត់ ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួម ទប់ស្កាត់ និងការពារឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពា ៣កុំ និងអនុវត្តតាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវជាទីបំផុត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print