ខេត្តបាត់ដំបង÷ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោ បាយយោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានដឹកនាំក្រុមការងារ បើកប្រាក់ គោល នយោបាយ របស់រាជរដ្ឋាភិបាល ជូនយោធិនសោធននិវត្តន៍ យោធិនពិការ យោធភូមិភាគទី៥ ដែលត្រូវបានផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ដែលមានការចូលរួមទទួលស្វាគមន៍ដោយ លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥។
ថ្លែងក្នុងពិធី ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តតាមអនុក្រឹត្យលេខ០៨ និងសារាចរណែនាំអន្តរក្រសួង លេខ០០១ ស្ដីពីរបបគោលនយោបាយ ចំពោះយោធិនពលី មរណៈ និងយោធិនពិការ។
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរភាពរបស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបានការបើកប្រាក់គោលនយោបាយនាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ហើយបងប្អូនត្រូវផ្ទេរជីវភាពបើកបន្តនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតអស់មួយជីវិត។
លោកឧត្តមសេនីយ៍ឯកសង្ឃឹមថា បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកចម្រើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ ដើម្បីបន្តវេនរួមគ្នាកសាងអភិវឌ្ឍប្រទេស។
លោកឧត្តមសេនីយ៍ឯកបានសំណូមពរដល់យោធិនសោធននិវត្តន៍ យោធិនពិការ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវវិធានការ ៣ការពារ និង ៣កុំ៕
ដោយ៖ សូរិយា