ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើអំពើហិង្សាយកពូថៅ កាប់ទៅលើជនរងគ្រោះ ម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីរសៀល
ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចបរិវេណវត្តនិគ្រោធរង្សី ក្នុងក្រុមទី ១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកថ្មគោលបានឲ្យដឹងថាករណីហិង្សា ដោយចេតនាមានស្ថាទម្ងន់ទោសនេះ (កាប់ដោយពូថៅ)បង្កដោយជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់នៅក្នុងបរិវេណវត្តនិគ្រោធរង្សីនេះតែម្តង។ ជនសង្ស័យ បានធ្វើសកម្មភាពយកពូថៅកាប់ ទៅលើ ជនរងគ្រោះឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បណ្តាលឲ្យរងរបួសត្រង់ខ្នង និងក្បាលផ្នែកខាងក្រោយ (របួសធ្ងន់)។ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ដើម្បីសង្គ្រោះបន្ទាន់។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងដកហូតបានសម្ភារៈវត្ថុតាង ជាពូថៅផ្លែដែកដងឈើចំនួន១ ។ បន្ទាប់មកជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។ នៅពេលនោះ ជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះ ទៅលើជនរងគ្រោះ ដោយសារតែខឹងជនរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក និងតែងលួចមីរបស់ខ្លួនផងដែរ។ ក្រោយទទួលការសារភាពបែបនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕