ក្រសួងការពារជាតិបើកកិច្ចប្រជុំដើម្បីរៀបចំកម្មវិធីសម្ភោធអាគាររដ្ឋបាលនិងសាលប្រជុំ ក្រសួងការពារជាតិសាងសង់រួចថ្មីនាចុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ÷នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលប្រជុំអាគា A ជាន់ទី ៤ នៃអាគារដ្ឋបាលនឹងសាលប្រជុំធំនៃទីស្ដីការក្រសួងការពារជាតិថ្មី មានបើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគាររដ្ឋបាល និងសាលប្រជុំធំថ្មីក្រសួងការពារជាតិ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពនាយឧត្តម សេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារ ជាតិ និងជាប្រធានគណៈកម្មការសាងសង់ នឹងពិធី សម្ពោធអគាររដ្ឋបាល និងសាលប្រជុំធំ ទីស្ដីការក្រសួងការពារជាតិថ្មី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ ក្នុងក្រសួងការ ពារជាតិ និងបណ្ដាលស្ថាប័នពាក់ព័ន្ធចំណុះឲ្យក្រសួងការពារជាតិជាច្រើនរូប ។ 

អគាររដ្ឋបាល និងសាលប្រជុំធំ ទីស្ដីការក្រសួងការពារ ជាតិថ្មីនេះ កសាងឡើងដោយមានដំឡើងដងទង់ជាតិ ២ដើម ដែល១ដើមៗ មានកំពស់ ២០ ម៉ែត្រ នៅចំពីមុខអគានៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ហើយគិតមកដល់ពេលនេះ អគារនៃទីស្ដីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់សម្រេចបានលទ្ធផល ១០០ភាគរយហើយ ។ 

សូមបញ្ជាក់ថា: អាគាររដ្ឋបាលនៃទីស្ដីការក្រសួងការពារជាតិថ្មី ដែលមានរៀបចំកសាងសាលប្រជុំធំមួយកន្លែងផងនោះ មានទទឹងប្រវែង ២៨ ម៉ែត្រ បណ្ដោយប្រវែង ១៩១ ម៉ែត្រ មានកម្ពស់ ៣២ ម៉ែត្រ និងមានចំណត រថយន្ត នៅក្រោមដី ដែលអាចចតរថយន្តបានរហូតដល់ទៅ ១៥០ គ្រឿង ។ អគាររដ្ឋបាល និងសាលប្រជុំធំ នៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ក៏មានរៀបចំកន្លែងទទួលបដិសណ្ឋារកិច្ចគ្រប់បណ្ដាប្រតិភូថ្នាក់ជាតិ និងអន្តរជាតិ  ធ្វើពិធីត្រួតពលកងកិត្តិយស ត្រែទ័ព នៅក្នុងអគារតែម្ដង បើទោះបីជាមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ អាគារថ្មីនេះ ក៏មានរៀបចំបន្ទប់ប្រជុំតូច ធំ បន្ទប់សវនា ការតូច ធំ ទីវាលសន្និសីទកាសែត និងសាលប្រជុំធំមួយ ដែលអាចទទួលអ្នក ចូលរួមប្រជុំបានរហូតដល់ ១ ពាន់នាក់ សម្រាប់ការប្រជុំថ្នាក់ជាតិ និងអន្តរជាតិ ។ 

គួររំលឹកដែរថា អគាររដ្ឋបាលនៃក្រសួងការពារជាតិថ្មីនេះ បានបើកការ ដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ អគានេះ បើតាមគម្រោងផែនការសាងសង់មានរយៈ ពេល៣៦ ខែ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ។ ប៉ុន្តែដោយសារពិភពលោក ទាំងមូល ពិសេសព្រះរាជាណាចក្រកម្ពុជា ជួបនូវវិបត្តិជំងឺកូវីដ១៩ ការសាងសង់ត្រូវបានស្នើសុំពន្យារពេលកិច្ចសន្យារយៈពេល ៤ ខែបន្ថែមទៀត ដូច្នេះការដ្ឋានត្រូវពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១កន្លងមកនេះ ទើបបានបញ្ចប់ការសាងសង់ ហើយរហូតមកដល់ពេលនេះនៅសល់តែកិច្ចការបង្ហើយនូវផ្នែកខ្លះ និងសំអាតកិច្ចការតិចតួចតែប៉ុណ្ណោះ នឹងត្រូវដាក់សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចុងខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។

 គួរបញ្ជាក់ផងដែរថា ដើម្បីចូលអបអរសាទរក្នុងពិធី សម្ពោធអាគាររដ្ឋបាលនិងសាលប្រជុំធំ នៃទីស្ដីការក្រសួងការពារជាតិថ្មីនេះ ក៏មានរៀបចំនៅស្តង់ពិព័រណ៍រូបភាព ស្ដីពីកិច្ចដំណើរការសាងសង់អាគាររដ្ឋបាលនិងសាលប្រជុំធំនៃទីស្ដីការក្រសួងការពារជាតិថ្មី និងសកម្មភាពនានារបស់បណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលរួមមាន: ស្តង់ពិព័រណ៍រូបភាពតំណាងអោយអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ,ស្តង់ពិព័រណ៍រូបភាពរបស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ ស្តង់ពិព័រណ៍រូបភាពស្ដីពីសកម្មភាពនានា ក្នុងកងយោធពលខេមរភូមិន របស់អគ្គបញ្ជាការដ្ឋាន,ស្តង់ពិព័រណ៍រូបភាពរបស់បញ្ជាការដ្ឋានអង្គរក្ស,ស្តង់ពិព័រណ៍រូបភាពរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព,ស្តង់ពិព័រណ៍រូបភាពរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស,ស្តង់ពិព័រណ៍រូបភាពរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស,និងស្តង់ពិព័រណ៍រូបភាពរបស់នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ។ 

ស្តង់ពិព័រណ៍រូបភាពទាំងនោះសុទ្ធតែបានបង្ហាញអំពីសកម្មភាពដ៏រស់រវើកនៃបេសកកម្មរបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូល រួមគ្រប់សកម្មភាពនៃភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិ បាល នឹងឆន្ទះបម្រើជាតិ ការពារជាតិ និងការពារផលប្រយោជន៍របស់ប្រជាជន ដោយភាពស្មោះត្រង់  រួមនឹងខ្លឹមសារ អត្ថន័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាពពេញលេញសម្រាប់កម្ពុជា ។

 ក្នុងកិច្ចប្រជុំនេះដែរក៏នឹងលើកយកមកពិភាក្សាផងដែល ក្នុងការកែតម្រូវពាក្សស្លោកបដា ខ្លឹមសារសន្ទរកថា នឹងរចនាបទលម្អផ្សេងៗសំរាប់ពិធីសម្ពោធផងដែរ ។ នាយឧត្តមសេនីយ៍ ចាយ សាំងយុន ប្រធាននៃកិច្ចប្រជុំ ក៏បានសំណូមពរដល់សមាជិកក្រុមការងារ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាក្រុមការងារសាងសង់និងរៀបចំពិធីសម្ពោធត្រូវយក ចិត្តទុកដាក់រៀបចំឲ្យបានល្អទាំងផ្នែកសោភ័ណ្ឌភាព ខ្លឹមសារ អត្ថន័យ សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធី រួមទាំងការរៀបចំទទួលបដិសណ្ឋារកិច្ចសម្រាប់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ

និងកម្លាំងដែលចូលរួមឱ្យបានរលូននឹងល្អប្រសើរ ៕

ដោយ៖ស៊ុន ហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print