លោក ឃួង ស្រេង ៖ ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាន ការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅក្រៅប្រទេស ខណៈនៅភ្នំពេញ មានមន្ទីរពេទ្យព្យាបាល មហារីកបំពាក់ដោយបំពាក់ឧបករណ៍ទំនើប ជាមួយក្រុមគ្រូពេទ្យជំនាញច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាន នូវការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាល នៅ ក្រៅប្រទេសដោយសារថា បច្ចុប្បន្ននេះ នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីកនេះជាច្រើនកន្លែង មានទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយបំពាក់ម៉ាស៊ីន និងឧបករណ៍ទំនើបៗជាមួយក្រុមគ្រូពេទ្យជំនាញៗផងដែរ ។ និងម្យ៉ាងវិញទៀត ក៏បានបន្ថយនូវការ ចំណាយថវិកាច្រើនក្នុងការបញ្ជូនអ្នកជម្ងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។
លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកនិងលោកស្រី ជាអញ្ជើញជាអធិបតីភាពក្នុង ពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះ ។
លោកឃួង ស្រេង. បានមានប្រសាសន៍ លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺមហារីកគឺមានសង្ឃឹមច្រើនដោយសារថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យជាច្រើនដែលអាច ព្យាបាលជំងឺមហារីកនេះបាន កាត់បន្ថយនូវការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។
ជាក់ស្តែងនៅពេលនេះ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលបើកសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ គឺបានបំពាក់ ឧបករណ៍ ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន ។
លោក ឃួង ស្រេង បានបន្តថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសុខាភិបាលឱ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាល បានខិតខំពង្រឹង និងពង្រីកយន្តការនៃការផ្ដល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួមរបស់សេវាសុខាភិ បាល ឯកជន ក្នុងនោះ គិតត្រឹមឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧, មន្ទីរពេទ្យបង្អែកក់រាជធានី ចំនួន ០១ (កម្រិត CPA3), មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1), មណ្ឌលសុខភាព ចំនួន ៤៣(កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧ កន្លែង ដែលជាសេវាសុខាភិបាល គ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាលឯកជនចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពេទ្យនេះ គឺ ដើម្បីចូល រួមបំពេញនូវកង្វះខាតក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋដែលមានជម្ងឺ បង្កើត ការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
លោកបន្តថា អ្នកជំងឺ មហារីកភាគច្រើនកើតលើមនុស្សវ័យកណ្តាល និងវ័យចំណាស់។ ជំងឺមហារីកមាន ប្រាំប្រភេទដែលយើងជួបប្រទះច្រើនជាងគេ គឺ មហារីកថ្លើម មហារីកសួត មហារីកសុដន់ មហារីកក្រពះ-ពោះវៀន និង មហារីកមាត់ស្បូន។ អ្នកជម្ងឺមហារីកនៅកម្ពុជាប្រមាណ១៣,៥០០នាក់ ត្រូវការព្យា បាលដោយកាំរស្មី ហើយមានអ្នក ជំងឺប្រមាណ៣,០០០នាក់ ប៉ុណ្ណោះដែលទទួលបានការព្យាបាលនៅក្នុងស្រុក និងប្រមាណ ១៥០០នាក់ទៀតបានទទួលការ ព្យាបាល នៅប្រទេសជិតខាង នៅសល់ប្រមាណជាង១០,០០០នាក់ទៀតក្នុង១ឆ្នាំ កំពុងត្រូវការ ការព្យាបាលមួយដែលមាន ប្រសិទ្ធភាព និងគុណភាពតាមស្តង់ដាវេជ្ជសាស្តសកល។
លោកអ៊ាវ សុខា បានបន្តថា៖ នៅកម្ពុជា ការទទួលបានការពិនិត្យ និងការធ្វើតេស្តស្វែងរកជម្ងឺមហារីក ដោយម៉ាស៊ីនទំនើប នៅមានកំរិតទាបនៅ ឡើយ ។ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការព្យាបាលក្នុងស្រុក និងបំពេញបន្ថែមលើសេវាសុខាភិបាល សាធារណៈ ដែលកំពុងជួបការលំបាក និងស្របតាមគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជនរបស់រាជរដ្ឋាភិបាល ក្នុងនាមលោកជាអ្នកជំនាញជម្ងឺមហារីកមួយរូប បានសម្រេចចិត្តបណ្តាក់ទុនបង្កើតមន្ទីរពេទ្យនេះឡើងដោយមានបំពាក់ ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print