ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ១.០០០កេស (ស្មើនឹង ២០.០០០ដប) ដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកចំនួន៨ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
សូមបញ្ជាក់ជូនថា បន្ទាប់ពីបានទទួលជែលលាងដៃ ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩.២០០ដប) ពីក្រុមហ៊ុនឯកជន, កាកបាទក្រហមកម្ពុជា បានប្រគល់ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ៣២ ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ចំនួន ៧៣៧កេស ដល់មន្ទីរពេទ្យបង្អែកចំនួន ៨ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ក្រៅពីនេះ កាកបាទក្រហមកម្ពុជា បានបែងចែក និងដឹកជញ្ជូនដល់ឃ្លាំង នៅតាមសាខាកាកបាទក្រហមកម្ពុជា ខេត្ត ចំនួន ១១ផ្សេងទៀតរួចរាល់ហើយ ដែលនឹងធ្វើពិធីប្រគល់-ទទួលជាបន្តបន្ទាប់ទៅតាមកាលបរិច្ឆេទសមស្រម។
ដោយឡែក ចំពោះខេត្ត ដែលមិនទាន់ទទួលបាន កាកបាទក្រហមកម្ពុជានឹងប្រគល់ជូនជាបន្តបន្ទាប់ បន្ទាប់ពីទទួលបានជែលលាងដៃពីក្រុមហ៊ុនខាងលើនេះ ជាជំហានទី២ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ៕
ដោយ៖ស តារា