មន្ត្រីជប៉ុនបានបញ្ជាក់ថា បានរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ជាលើកដំបូងនៅក្នុងប្រទេសនេះ គឺជាអ្នកដំណើរមកពីប្រទេស Namibia ដែលជាប្រទេស្ថិតនៅក្នុងតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិក។ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក Hirokazu Matsuno បានឱ្យដឹងថា អ្នកជំងឺខាងលើជាបុរសស្ថិតក្នុងវ័យខ្ទង់៣០ឆ្នាំ បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ពេលមកដល់ព្រលានយន្តហោះតែម្តង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ ការធ្វើតេស្តវែកញែកហ៊្សែនមេរោគលើសំណាករបស់អ្នកជំងឺខាងលើ បានបញ្ជាក់ថា បុរសម្នាក់នោះបានឆ្លងវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងបង្អស់នៅអាហ្រ្វិកខាងត្បូង ហើយបានឆ្លងរាលដាលដល់ប្រទេសជាបន្តបន្ទាប់ផ្សេងទៀត។ កាលពីថ្ងៃចន្ទម្សិលមិញ ជប៉ុនបានប្រកាសថា ខ្លួននឹងហាមជនបរទេសទាំងអស់ចូលប្រទេសចាប់ពីថ្ងៃអង្គារនេះទៅ ដែលជាចំណាត់ការបង្ការប្រឆាំង Omicron។ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា COVID-19 បំប្លែងថ្មីនេះ មាន «ហានិភ័យខ្ពស់» ដែលអាចបង្កឲ្យករណីឆ្លងជំងឺនេះកើនឡើង ហើយបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ៕ ដោយសាធី
រូបថត៖WebMD