ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃអង្គារទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញទស្សនាស្នាដៃសិល្បៈ បញ្ចប់សញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ សម្តែងដោយសិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈ។ ចូលរួមក្នុងឱកាសនោះ មានរួមមានថ្នាក់ដឹកនាំនៃក្រសួង, មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ មន្រ្តី សិស្សានុសិស្ស។
ស្នាដៃទាំងនោះរួមមាន របាំកៃលាស ជាស្នាដៃរបស់សិស្សបានបញ្ចប់ការប្រលងស្នាតកបត្រសិល្បៈ, ទី២ សិល្បៈសៀក «បាល់បោក» ជាស្នាដៃរបស់សិស្សបានបញ្ចប់ការប្រលងសញ្ញាបត្រសិល្បៈ, ទី៣ ល្ខោននិយាយរឿង «អូតែលឡូ» ជាស្នាដៃរបស់សិស្សបានបញ្ចប់ការប្រលងស្នាតកបត្រសិល្បៈ, ទី៤ របាំប្រពៃណី «ឆៃយ៉ាំភូមិខ្ញុំ» ជាស្នាដៃរបស់សិស្សបានបញ្ចប់ការប្រលងស្នាតកបត្រសិល្បៈ, ទី៥ ល្ខោនយីកេ រឿង «សូរិយាវង្ស» ជាស្នាដៃ របស់ សិស្ស បានបញ្ចប់ការប្រលង ស្នាតកបត្រសិល្បៈ, និងទី៦ ការសម្តែងល្ខោនរឿង «ប្រស្នាបុប្ផាទាំង៤» ជាស្នាដៃ របស់ សិស្ស បានបញ្ចប់ការប្រលង ស្នាតកបត្រសិល្បៈ។
ក្រោយបញ្ចប់ការសម្តែងស្នាដៃសិល្បៈទាំង០៦នេះហើយ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងការកោត សរសើរ ក៏ដូចជាថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងអស់ បានខិតខំប្រឹង ប្រែងក្នុងក្រេបយកចំណេះដឹងផ្នែកបច្ចេកទេសសិល្បៈទាំងអស់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ បើទោះបីជា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។
លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃ សាលាមធ្យមវិចិត្រសិល្បៈទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ធ្វើយ៉ាង ប្រឹងប្រែងរៀនសូត្រ ទាំងចំណេះបច្ចេកទេស និងចំណេះដឹងទូទៅ បន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមក្នុងបេសកកម្ម លើកស្ទួយ ការពារមរតក វប្បធម៌ដ៏មានតម្លៃរបស់ដូនតា ដែលបានបន្សល់ទុកឱ្យ។
ជាទីបញ្ចប់ មុននឹងដំណើរនិវត្តន៍ទៅវិញ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានជូនពរ ដល់ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃ សាលាមធ្យមវិចិត្រសិល្បៈទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖សហការី