ខេត្តរតនគិរី៖ នៅក្នុងក្រុងបានលុងខាងក្រុមហ៊ុនផ្សារមិនទាន់រៀបចំសាងសង់រួចរាល់នៅឡើយទេ។ ដូច្នេះហើយទើបក្រុមអាជីវករនៅតែបន្តលក់តាមដងផ្លូវសាធារណៈដដែល បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលអាជ្ញាធរក្រុង/ខេត្តរៀបចំឱ្យមានផ្សារសុវត្ថិភាពសម្រាប់លក់ដូរចាប់តាំងពីក្នុងអំឡុងខែសីហាមកម្ល៉េះ។
ដោយសារតែផ្សារក្រុងបានលុងបានបិទចំនួនពីរលើកមកហើយនោះទើបអាជ្ញាធរក្រុង-ខេត្តក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគផ្សារនោះធ្វើការសាងសង់តូបសម្រាប់អាជីវករលក់ដូរឱ្យមានផាសុកភាពនិងអនាម័យ។
ប៉ុន្តែបច្ចុប្បន្នខាងក្រុមហ៊ុនវិនិយោគជុំវិញបរិវេណផ្សារនោះមិនទាន់សាងសង់រួចរាល់នៅឡើយ។
លោក ងិន ណែល អភិបាលក្រុងបានលុងបានឱ្យដឹងថា ក្រុមអាជីវករដែលបន្តលក់ដូរនៅលើផ្លូវសាធារណៈនោះគឺអាជ្ញាធរបានអនុញ្ញាត ព្រោះផ្សារបានលុងធ្វើការសាងសង់មិនទាន់រួចរាល់។
លោកបន្តថា បច្ចុប្បន្នអាជ្ញាធរបានជំរុញឱ្យក្រុមហ៊ុនវិនិយោគផ្សារសាងសង់ឱ្យបានលឿនហើយប្រកបដោយគុណភាពអនាម័យ បរិស្ថាននិងសណ្ដាប់ធ្នាប់ល្អដើម្បីធានាបាននូវសុខុមាលភាពដល់ក្រុមអាជីវករក៏ដូចជាពលរដ្ឋដែលជាអតិថិជនចូលទិញអីវ៉ាន់ក្នុងផ្សារនោះផងដែរ។
ខាងក្រុមហ៊ុនវិនិយោគផ្សារក្រុងបានលុងក៏បានឱ្យដឹងដែរថា ក្រុមហ៊ុននឹងសាងសង់តូបជុំវិញបរិវេណផ្សារឱ្យស្អាតបានប្រមាណជាង៣០០តូបហើយស្មើនឹង ៥០%ដែលក្នុងគម្រោងសាងសង់ជាង ៦០០តូប ហើយក៏កំពុងតែពន្លឿនឱ្យឆាប់ហើយដើម្បីឱ្យអាជីវករបានចូលលក់ផងដែរ៕