ភ្នំពេញ ៖ បុរសម្នាក់មិនដឹងចេញពីកន្លែងផឹកសុីណាទេ ស្រវឹងស្រាឡេីងជោកជាំហេីយបេីករថយន្តទៅបុករទេះលក់ម្ហូបនៅមុខវត្តស្ទឹងមានជ័យរងការខូចខាត និងប៉ះស្ត្រីម្នាក់ជាម្ចាស់រទេះរងរបួស កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត(ផ្លូវ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU-9112 បេីកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាខ្លាំង បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតមកបុករទះលក់ម្ហូប និងស្ត្រីម្នាក់ជាម្ចាស់រទះរងបួសជេីងគួរសម្យ ឯរទេះរងការខូចខាតយ៉ាងដំណំ ។
ក្នុងករណីនេះ គេសង្កេតឃេីញបុរសម្នាក់ជាម្ចាស់រថយន្តបង្កបានចុះពីលេីរថយន្តទាំងស្ថានភាពស្រវឹងស្រាជាខ្លាំងទៅនិយាយជាមួយភាគីរងគ្រោះ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ ព្រមទាំងសម្រួលដល់ភាគីទាំងពីរផងដែរ ។ ក្រោយមក ភាគីរថយន្តបង្កបានសងថ្លៃខូចខាតទៅឲ្យភាគីរងគ្រោះចំនួន២៥០$ដេីម្បីបញ្ចប់រឿង ៕
ដោយ ៖ ភារ៉ា ដង្កោ