ខេត្តព្រះសីហនុ : លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍យ៉ាងដូច្នេះថា, ថ្ងៃនេះ ខ្ញុំសូមចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលនឹងដាក់សម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា, ចំពោះសមិទ្ធផលថ្មីនៅក្នុងខេត្តដែលជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជានេះ នឹងធ្វើឱ្យខេត្តព្រះសីហនុ ប្រែរូបរាងជាទីក្រុងទេសចរណ៍ដ៏មានសក្តានុពលខ្ពស់ និងចូលរួមជំរុញកំណើនការដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទាំងអស់នឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យ កាន់តែរីកចម្រើន ទាំងពេលបច្ចុប្បន្ន និងក្រោយ វិបត្តិនៃជំងឺកូវីដ-១៩ផងដែរ។ សមិទ្ធផលទាំងអស់ពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ក្នុងដំណាក់កាលដ៏លំបាក ខណៈកម្ពុជាបាន និងកំពុងជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ លះបង់អស់ ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយម្ខាងរិះរកគ្រប់មធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងម្ខាងគ្រប់គ្រងដើម្បីធានានិរន្តរភាពប្រទេសជាតិ និងរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច សង្គមផង។
ជាក់ស្តែង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺបានសម្រេចចេញជាលទ្ធផលជាបន្តបន្ទាប់គួរជាទីមោទនៈ។ ក្នងនោះ គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលបានក៏បានបើកការដ្ឋានសាងសង់ និងកែលំអផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាបូលសេដ្ឋកិច្ចទី៣ និងជាតំបន់ទេសចរណ៍វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕
ដោយ : សុខ ខេមរា