សារព័ត៌មាន CNN នៅថ្ងៃទី២ខែធ្នូបានផ្សាយថា មានប៉ូលិសម្នាក់និងពលរដ្ឋ២នាក់បានស្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហារកើតឡើងនៅតំបន់ Rex ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ។ ជនដៃដល់ក៏ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់ដែរ។ លោក Kevin Roberts ស្នងការប៉ូលិសស្រុក Clayton បានប្រកាសនៅក្នុងសន្និសីទកាសែតថា មានស្ត្រីពីរនាក់និងប៉ូលិសម្នាក់ស្លាប់។ ស្នងការប៉ូលិសClayton បានឱ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង៨និង៤០ នាទី (ម៉ោងក្នុងតំបន់)។ ពេលប៉ូលិសទៅដល់កន្លែងឃើញស្ត្រីម្នាក់ដេកសន្លប់នៅមុខផ្ទះ។ ប៉ូលិសដែលស្លាប់មានឈ្មោះថា Henry Laxson ជាមួយគ្នានេះក៏មានប៉ូលិសម្នាក់ទៀតរងរបួសចំដៃផងដែរ។ ចំណែកស្ត្រីដែលស្លាប់នោះមិនទាន់ប្រកាសពីអត្តសញ្ញាណនៅឡើយទេ។ កម្លាំងប៉ូលិសកំពុងតែបើកការស្រាវជ្រាវពីមូលហេតុនៃការបាញ់ប្រហារ។ កន្លងមកថ្មីៗ ក៏មានករណីបាញ់ប្រហារនៅសាលារៀនបណ្តាលឱ្យសិស្ស៣នាក់ស្លាប់ផងដែរ៕ ដោយសាធី
រូបថត៖CNN.