ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាសមាគមមនុស្សចាស់ខណ្ឌចំការមន និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់សមាជិក-សមាជិកា មនុស្សវ័យចាស់ សរុបចំនួន ៥០នាក់ ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលស្ដីទីខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចំការមន នៅវត្តមណិរតនារាម ហៅវត្តទួលទំពូង នៅរសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនេះ លោកស្រី កែវ សាម៉ុល បានលើកឡើងថា ដោយសាររដូវត្រជាក់បានចូលមកដល់ ដូច្នេះថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ និងផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទ ឱ្យមើលថែ និងសួរសុខទុក្ខដល់អុំពូមីង ដែលជាក់ស្ដែង អាជ្ញាធរខណ្ឌចំការមន បានធ្វើការចែកជូននូវអំណោយមួយចំនួនជូនដល់អុំពូមីងនាពេលនេះ ។
លោកស្រីអភិបាលរងខណ្ឌ បានបន្ថែមថា ដោយសារតែក្រុមការងារយើងខ្ញុំ សុទ្ធតែក្មេងជំនាន់ក្រោយ ដូច្នេះគ្មានអ្វី ក្រៅពីប្រតិបត្តិចំពោះលោកពូទាំងអស់ ដើម្បី ការដឹកនាំ និងពន្យល់ ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យដំណើរ ការដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើង ឲ្យបានរលូន នឹងទទួលបានជោគជ័យនៅក្នុងសង្កាត់ទាំង៥ នៃខណ្ឌចំការមន ។ លោកស្រីបន្តថា ក្រោយពេលប្រកាសបង្កើតសមាគមមនុស្សចាស់នៅក្នុងខណ្ឌចំការមន សូមអោយលោកពូ ដែលជាសមាជិក រាយការណ៍មកលោកចៅសង្កាត់ ទាក់ទងនឹងស្ថានភាពនៃការរស់នៅ ដើម្បីថ្នាក់ដឹកនាំមានវិធានការ និងធ្វើការដោះស្រាយជូន ។
លោកស្រី កែវ សាម៉ុល បានសូមឱ្យអុំពូមីង បន្តថែមរក្សាសុខភាព ជាពិសេស បន្តអនុវត្តវិធានការ ៣កុំ និង ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនថែមទៀត ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលកម្ពុជឋយើង កំពុងទប់ស្កាត់ជំងឺនេះបានល្អប្រសើរហើយនោះ ។
សូមបញ្ជាក់ថា ដែលផ្ដល់ជូននាឱកាសនេះ ក្នុង ០១នាក់ ទទួលបាន៖ -អាវរងា ០១-ភួយ ០១-ក្រមា ០១ និងថវិកា ៥០,០០០រៀល ៕ដោយ៖ជីម ជីម