ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងរថយន្តម៉ាកHYUNDAI ដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក រងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤១និង១៤២ នៅក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះភិន សុផល អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះស៊ែន ណាន អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក ស៊ីរុស ពណ៌ទឹកប៊ិក អត់ស្លាកលេខដោយធ្វើដំណើរពីកើតទៅលិច ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៨១៨៨ ក្នុងទិសដៅស្របគ្នា ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បុកពីក្រោយរុឺម៉កពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។
ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន