នាយកដ្ឋានគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូវីដកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងជាប្រវត្តិសាស្ត្រ ក្នុងរយៈពេល ២៤ម៉ោង។ នៅថ្ងៃទី៤ខែធ្នូ កូរ៉េខាងត្បូង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥.៣៥២នាក់ និងស្លាប់៧០នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ។ ក្នុងចំណោមករណីឆ្លងមាន៣នាក់ឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KDCA អត្រាអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យបានកើនឡើងយ៉ាងឆាប់រហ័ស ដោយក្នុងនោះមានអ្នកជំងឺ COVID-19 ចំនួន៧៥២នាក់ មានរោគសញ្ញាធ្ងន់ធ្ងរគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ KDCA ក៏បានទទួលស្គាល់ផងដែរពីការរកឃើញវីរុសបំប្លែងថ្មី Omicron ៣ករណីបន្ថែមទៀតធ្វើឱ្យករណីឆ្លង វីរុសបំប្លែងថ្មីនេះកើនដល់៩ករណី បន្ទាប់ពីមនុស្ស២នាក់ជាប្ដីប្រពន្ធដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ត្រូវបានតេស្ដវិជ្ជមានវីរុសបំប្លែងថ្មីនេះ ក្រោយពួកគេធ្វើដំណើរត្រឡប់មកពីប្រទេសនីហ្សេរីយ៉ាវិញកាលសប្ដាហ៍មុន។ នៅក្នុងអំឡុងនៃការសាកល្បងរៀនរស់ជាមួយ COVID-19 និងចំពោះមុខការបារម្ភពីវីរុសបំប្លែងថ្មី Omicron កូរ៉េខាងត្បូងបានដាក់ចេញវិធានការរឹតត្បិតមួយចំនួន ឡើងវិញ ក្នុងនោះរួមមានទាំងការបង្ហាញបណ្ណចាក់វ៉ាក់សាំងមុនចូលក្នុងរោងភាពយន្ដ, ភោជនីយដ្ឋាន ឬទីសាធារណៈដទៃ ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃសម្រាប់អ្នកដំណើរមកពីក្រៅប្រទេសផងដែរ។ កូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺ COVID-19 សរុប ៤៦៧,៩០៧នាក់ ក្នុងនោះស្លាប់ ៣,៨០៩នាក់ និងជាសះស្បើយឡើងវិញ ៤០៥,៥៤៣នាក់៕ដោយសាធី
ប្រភពថត៖news.cn
រូបថត៖Reuters.