ខេត្តរតនគិរី៖ ទីតាំងគំនរឈើធ្នង់រាប់សិបកំណាត់ដែលក្រុមឈ្មួញអារច្រៀករួចជាស្រេចលាក់ទុកបម្រុងដឹកបង្កប់តាមរថយន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះរុករកឃើញនិងធ្វើការរឹបអូសយកទៅរក្សាទុកបណ្តោះអាសន្ន។
ការចុះបង្ក្រាបឈើនោះដោយមានការបញ្ជាផ្ទាល់ពីលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីដែលធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២១ រួមមានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ុង៣នាក់ ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោកឈាង សុភក្កិ នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក គឹម ឆេងលឹម នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកវើនសៃ។
ប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបផ្ទាល់នោះបានធ្វើការឆែកឆេរនៅក្នងលំនៅឋានមួយកន្លែងជាកម្មសិទ្ធិរបស់លោក នូ ខុម ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ស្ថិតក្នុងភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
ក្រោយចុះឆែកឆេរកម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសយកឈើប្រណីតប្រភេទធ្នង់ដែលរាប់ទៅឃើញចំនួន៦២កំណាត់។
រួចហើយក៏បានដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីដើម្បីចាត់ការតាមច្បាប់ព្រៃឈើ ប៉ុន្តែបច្ចុប្បន្នមិនទាន់បានធ្ធ្ធ្វើការវាស់វែងនៅឡើយ៕